លោកជំទាវ ជ័យ ណារី អ៊ុរាត្រី នាំយកនូវក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅស្រុកថ្មពួក
AKP បន្ទាយមានជ័យថ្ងៃទី១០ខែមីនាឆ្នាំ២០២៦--ក្នុងស្មារតីលើកកម្ពស់សុខុមាលភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ «ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ» ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ "រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ"។

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជ័យ ណារី អ៊ុរាត្រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ ជ័យ ណារី អ៊ុរាត្រី បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនស្ត្រី និងប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនស្ត្រី ជាពិសេសក្នុងដំណាក់កាលមាតាមានផ្ទៃពោះ និងការចិញ្ចឹមបីបាច់ថែរក្សាកុមារតូចៗ។

"សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានក្តីបារម្ភ និងចង់ឃើញស្ត្រីគ្រប់រូបមានសុខភាពមាំមាំ ទទួលបានការថែទាំត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថាបុត្រធីតារបស់យើងកើតមកមានសុខភាពល្អ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ"។ នេះជាការលើកឡើងបន្ថែមរបស់លោកជំទាវ។
សារៈសំខាន់នៃការថែទាំសុខភាពមាតា និងទារកអត្ថន័យនៃទិវាឆ្នាំនេះ បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈ និងការបង្កើនប្រសិទ្ធភាពនៃការថែទាំ ទោះស្ថិតក្នុងស្ថានភាពធម្មតា ឬក្នុងគ្រាមានអាសន្នក៏ដោយ។

លោកជំទាវបានជំរុញឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ។ ស្វែងយល់ពីសញ្ញាគ្រោះថ្នាក់នានាក្នុងអំឡុងពេលមានផ្ទៃពោះ។ យកចិត្តទុកដាក់លើការហូបចុកដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

សូមបញ្ជាក់ថាពិធីអបអរសាទរនេះ មិនត្រឹមតែជាការរំលឹកដល់ទិវាជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក្នុងការបន្តចុះអប់រំ ផ្សព្វផ្សាយ និងជួយជ្រោមជ្រែងដល់ស្ត្រី និងកុមារដែលងាយរងគ្រោះនៅតាមមូលដ្ឋានដាច់ស្រយាល ឱ្យទទួលបានសេវាសុខភាពប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

ជាមួយនោះ លោកជំទាវអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក៏បានចែកជូននូវអំណោយអនុស្សាវរីយ៍ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់ស្ត្រីដែលមានផ្ទៃពោះ និងមាតាដែលមានកូនតូចៗ ដែលបានចូលរួមក្នុងពិធីនេះផងដែរ បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម៕
ដោយ៖ ឈុនសារ៉ាត





