រដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាប Scam Online និងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ០៣
AKP ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦--កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចង្អុលបង្ហាញ និងអនុវត្តន៍តាមបទ បញ្ជារបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅដែលខុស ច្បាប់នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លទ្ធផលនៃប្រតិបត្តិការខាងលើនេះ គឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងដូចខាងក្រោម:
-ឃាត់ខ្លួនជនបរទេសចំនួន ៧៧នាក់
-កុំព្យូទ័រ ៧៧គ្រឿង និងទូរស័ព្ទមួយចំនួនទៀត។

បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាន ដើម្បីបន្តនីតិវិធី។

នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជា ការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការចុះប្រតិបត្តិការដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជា មិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ដែលប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការសម្អាតផ្ទះ ៕

ដោយ ៖ងូ សុមុនី





