រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញការលើកកម្ពស់គុណភាពអប់រំនៅតាមតំបន់ព្រំដែន និងផ្តល់អំណោយលើកទឹកចិត្តដល់បុគ្គលិកអប់រំជិត ៣០០នាក់ ក្នុងខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី១០ខែមីនាឆ្នាំ២០២៦--ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរបស់បុគ្គលិកអប់រំដែលរងគ្រោះដោយសារជម្លោះប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារប្រើប្រាស់ ព្រមទាំងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ ចំនួន ២៨៥នាក់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន។

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដោយមានការអមដំណើរពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប។

ក្នុងមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជម្រាបជូនអង្គពិធីអំពីស្ថានភាពវិវត្តចុងក្រោយនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយការផ្ទុះអាវុធជាលើកទី២ ដែលមានការប្រើប្រាស់អាវុធធុនធ្ងន់បាញ់ផ្លោងពីសំណាក់ភាគីយោធាថៃ បានបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន និងសំណង់សាធារណៈផ្សេងៗ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ ដែលបានដាក់ចេញនូវវិធានការឆ្លើយតបឆាប់រហ័ស តាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីធានាថាការសិក្សារបស់សិស្សានុសិស្សដែលកំពុងភៀសខ្លួន មិនត្រូវបានកាត់ផ្តាច់ឡើយ។

ថ្លែងទៅកាន់លោកគ្រូ-អ្នកគ្រូ ក្នុងបរិយាកាសស្និទ្ធស្នាល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអប់រំ ដែលបានខិតខំគ្រប់គ្រងសភាពការណ៍ និងផ្តល់ជម្រកសុវត្ថិភាពជូនជនភៀសសឹក ជាពិសេសការយកចិត្តទុកដាក់លើកុមារ។
ឯកឧត្តមបានផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងដល់លោកគ្រូ-អ្នកគ្រូ ដែលទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក ក៏នៅតែបន្តបេសកកម្មបង្រៀនកូនចៅប្រជាពលរដ្ឋភៀសសឹកដោយស្មារតីលះបង់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិកអប់រំទាំងអស់។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងស្មារតីទទួលខុសត្រូវរបស់លោកគ្រូ អ្នកគ្រូ នៅតាមតំបន់ព្រំដែន ដែលជា «ឆ្មាំសន្តិភាព» និងជា «អ្នកបណ្តុះចំណេះដឹង» យ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅតាមមូលដ្ឋាន។
ចំណុចគន្លឹះដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់រួមមាន ការពង្រឹងសាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ជំរុញឱ្យគណៈគ្រប់គ្រងសាលាអនុវត្តស្តង់ដាសាលារៀនគំរូទាំង ៥ យ៉ាង ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងរៀន។
ការយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងសុខភាពសិស្ស ការផ្តល់គ្រឿងឧបភោគបរិភោគ និងការរៀបចំបរិស្ថានសាលារៀនឱ្យស្អាត គឺជាកត្តាចាំបាច់សម្រាប់ទាក់ទាញសិស្សឱ្យមកសាលា។
ការអភិវឌ្ឍសមត្ថភាពឌីជីថល បើទោះជាស្ថិតនៅតំបន់ព្រំដែន ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន គឺជាស្ពានចម្លងចំណេះដឹងដ៏ទំនើបសម្រាប់សិស្សានុសិស្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដោយក្តីកង្វល់ថា «ការរំលោភបំពានដែនអធិបតេយ្យតាមរយៈការដាក់បន្លាលួស និងទូកុងតឺន័រពីសំណាក់ភាគីថៃ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ ៣,០០០គ្រួសារ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ក្នុងនោះ យើងសង្កេតឃើញថាមានលោកគ្រូ-អ្នកគ្រូចំនួន ៣៨រូប បានបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងស្រុង»។
ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងសម្រាលទុក្ខលំបាកទាំងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រកាសថា ក្រសួងអប់រំបានបង្កើត "មូលនិធិសាមគ្គី" មួយ ដើម្បីកៀរគរធនធាន សម្ភារៈ និងថវិកា សម្រាប់ជួយសង្គ្រោះ និងស្តារជីវភាពលោកគ្រូ-អ្នកគ្រូដែលរងគ្រោះខ្លាំងជាងគេ ឱ្យមានលទ្ធភាពបន្តជីវភាព និងវិលត្រឡប់ទៅបំពេញភារកិច្ចវិញនៅពេលសភាពការណ៍វិលមករកភាពប្រក្រតី។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូននាពេលនេះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាការចូលរួមចំណែកផ្នែកមនុស្សធម៌បន្ទាន់ ដើម្បីជួយសម្រួលដល់ការស្នាក់នៅបណ្តោះអាសន្នរបស់បុគ្គលិកអប់រំតាមបន្ទាត់ព្រំដែន៕
ដោយ ៖ឈុនសារ៉ាត





