រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី08មីនា ក្រោមប្រធានបទ"សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ"
AKP តាកែវ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦--រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធធិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី08មីនា ក្រោមប្រធានបទ"សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ"។ពិធីនេះរៀបចំឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ៦រោចខែផល្គុនឆ្នាំម្សាញ់សប្ដស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៩ខែមីនាឆ្នាំ២០២៦។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងស្ត្រីជុំវិញខេត្តចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" ត្រូវបណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងនូវសារដាស់តឿន និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅដល់ស្ត្រីខ្មែរគ្រប់រូប ឱ្យបន្តដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំ ទាំងក្នុងកិច្ចការសង្គមនិងការអប់រំគ្រួសារ។ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាសយ៉ាងទូលំទូលាយបំផុត ដើម្បីឱ្យស្ត្រីអាចបញ្ចេញសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់ខ្លួនលើគ្រប់វិស័យ មិនថាការងារសង្គម សេដ្ឋកិច្ច ឬនយោបាយឡើយ។ ស្ត្រីខ្មែរគ្រប់រូបត្រូវបានជំរុញ ឱ្យមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពឱ្យទាន់សកលភាវូបនីយកម្ម។ដើម្បីក្លាយជាធនធានដ៏មានតម្លៃ ដែលមិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ។

ឯកឧត្តម វ៉ី សំណាង បានរំលឹកពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ស្ត្រីក្នុងនាមជាមាតា ដែលមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិស្វករនៃព្រលឹងវិញ្ញាណ ក្នុងការផ្ដល់ការអប់រំ និងបណ្ដុះស្មារតីសន្តិភាពចាប់ផ្ដើមពីក្នុងគ្រួសារ។ តាមរយៈការរក្សាតម្លៃថ្លៃថ្នូរ និងការអប់រំដ៏ល្អបវរ ស្ត្រីគឺជាអ្នកបន្តវេនក្នុងការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ឱ្យរៀនសូត្រតាមគំរូវីរភាពរបស់វីរបុរសជំនាន់មុន ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីដែលមានសមត្ថភាព និងគុណធម៌ គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ គ្រប់ភាគីទាំងអស់ ត្រូវបន្តផ្ដល់តម្លៃនិងគាំទ្រដល់ស្ត្រី ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់សិទ្ធិ និងសេរីភាពបានពេញលេញ ក្នុងការកសាងអនាគតដ៏ភ្លឺស្វាង សម្រាប់គ្រួសារនិងសង្គមជាតិទាំងមូល៕
ដោយ៖ អ៊ុច សៀង





