ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ សន្តិភាពមិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦-- នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងថា ប្រធានបទទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ បានក្រើនរំលឹកយើងថា សន្តិភាពមិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរស់នៅដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ រីឯសន្តិសុខសម្រាប់ស្ត្រី គឺសំដៅលើការមានសុវត្ថិភាពទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារីបានជ្រើសរើសយកប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចជាគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ដល់ស្ត្រី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

នាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា នៅពេលដែលស្ត្រីមានសន្តិសុខ និងសន្តិភាពក្នុងខ្លួនធ្វើឱ្យស្ត្រីមានសមត្ថភាពបំពេញមុខងារ៣យ៉ាងដ៏មានមានសារៈសំខាន់គឺ៖ ទី១. ស្ត្រីអាចបញ្ចេញសក្តានុពលពេញលេញក្នុងកិច្ចការងារ និងការអភិវឌ្ឍសង្គមជាតិ។ ទី២. គ្រួសារនឹងក្លាយជាជម្រកដ៏កក់ក្តៅបំផុតសម្រាប់កូនៗ ដែលជាទំពាំងស្នងឫស្សី និងទី៣.សង្គមជាតិទាំងមូលនឹងមានស្ថិរភាព និងការរីកចម្រើនប្រកបដោយចីរភាព សមដូចពាក្យស្លោកមួយលើកឡើងថា «បើស្រ្តីមានសន្តិភាព នោះគ្រួសារមានសុភមង្គល» ខណៈដែលប្រធានបទឆ្នាំនេះបានក្រើនរំលឹកយើងថា សន្តិភាពមិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរស់នៅដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានអំពើហិង្សាក្នុងគ្រួសារ។ រីឯសន្តិសុខសម្រាប់ស្ត្រី គឺសំដៅលើការមានសុវត្ថិភាពទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច។

ក្នុងនាមថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីនគរបាលជានារីគ្រប់រូប នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទោះបីជាត្រូវរ៉ាប់រងបន្ទុកគ្រួសារយ៉ាងណាក៏ដោយ ដែលអ្នកទាំងអស់គ្នាគឺជា «ឆ្អឹងខ្នង» មិនត្រឹមតែនៅក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករមិនអាចខ្វះបានរបស់អង្គភាព ដើម្បីចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា)





