មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ពេលនេះយើងអាចការពារសត្វផ្សោតមិនឱ្យស្លាប់ពីការប្រើឧបករណ៍នេសាទខុសច្បាប់ និងមានកូនផ្សោតកើតថ្មីចំនួន៨ក្បាល
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦--ក្នុងឆ្នាំ២០២៥កន្លងទៅ ជាប្រវត្តិសាស្ត្រ គឺយើងអាចការពារសត្វផ្សោតមិនឱ្យស្លាប់ ពីការប្រើឧបករណ៍នេសាទខុសច្បាប់ និងមានកូនផ្សោតកើតថ្មីចំនួន៨ក្បាល ដែលជាលទ្ធផលដ៏ប្រសើរបំផុត។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំ «ពង្រឹងលើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គរបស់គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ» នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពារសត្វផ្សោតដែលទទួលបានជោគជ័យកន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា សមិទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាពសម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការWWF និងមន្រ្តីឆ្មាំទន្លេ បានពង្រឹងការល្បាត ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតាមដានសុខភាពសត្វផ្សោត ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារការពារសត្វផ្សោតត្រូវផ្តោតលើអាទិភាពចម្បងៗចំនួន៥ រួមមាន៖ ១. ពង្រឹងរចនាសម្ព័ន្ធឆ្មាំការពារ ពង្រឹងសមត្ថភាពក្រុមមន្រ្តីឆ្មាំ។ ២. លើកកម្រិតស្នាក់ការល្បាតដោយធ្វើការជួសជុលស្នាក់ការល្បាតកាំពីជា «មជ្ឈមណ្ឌលស្រាវជ្រាវ និងតាមដាន និងការបំពាក់គ្រឿងបរិក្ខារទំនើប»។ ៣. នាំយកបច្ចេកវិទ្យាទំនើបមកប្រើប្រាស់ អនុវត្តប្រព័ន្ធកាម៉ារ៉ាស្វ័យប្រវត្តិ និងដ្រូន ភ្ជាប់ជាមួយនឹងទូរទស្សន៍តាមដាន។ ៤. កំណត់អាទិភាពនិងការពារអន្លង់ត្រីមេពូជ ដើម្បីធានានិរន្តរភាពធនធានជលផលនិងចំណីរបស់សត្វផ្សោត។ ៥. ពង្រឹងការអប់រំនិងផ្សព្វផ្សាយ បន្តអប់រំសហគមន៍មូលដ្ឋាន និងសាធារណជន ដើម្បីរួមគ្នាការពារសត្វផ្សោត និងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ៕

ដោយ៖ មករា





