ឯកឧត្តម សុខ លូ ណែនាំមន្រ្តីជំនាញ ចុះណែនាំដល់ស្ថានីយប្រេងឥន្ធនៈ ក្រុង ស្រុកកុំឱ្យលក់លើសពីតម្លៃកំណត់
AKP បាត់ដំបង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ត្រីជំនាញ មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល មន្ត្រីជំនាញរបស់សាខាក.ប.បខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តចុះត្រួតពិនិត្យតាមដានការស្តុកប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈសំដៅទប់ស្កាត់កុំឱ្យមានករណីស្តុកប្រេងចាស់ទុកមិនព្រមលក់ឱ្យអតិថិជនដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃដែលអាចបង្កឱ្យមានភាពចលាចល និងធ្វើឱ្យប្រេងកាន់តែឡើងថ្លៃបន្ថែមទៀត។

ឯកឧត្តម សុខ លូ មានប្រសាសន៍ដូចនេះ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ នៅពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុកទាំង១៤ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមបន្តទៀតថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង ព្រមទាំងមានការតុបតែងភ្លើងបំភ្លឺផ្សេងៗជាដើម។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរ។ ព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះឡើយ។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំមន្រ្តីជំនាញ និងអាជ្ញាធរ ត្រូវចុះណែនាំទៅដល់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តបាត់ដំបង ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការលក់រាយប្រេងឥន្ធនៈលើសពីតម្លៃដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងជំរុញឱ្យម្ចាស់ស្ថានីយ ដេប៉ូ លក់ប្រេងឥន្ធនៈបើកដំណើរការអាជីវកម្មលក់ប្រេងឥន្ធនៈជាធម្មតាប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតីឡើយ។

អាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





