វិនិយោគិនជប៉ុន ជួប SDF ដើម្បីស្វែងយល់ពីកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាល និងឱកាសវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ -- វិនិយោគិនជប៉ុន ជួបជាមួយ មូលនីធិអភិវឌ្ឍជំនាញ (SDF ) ដើម្បីស្វែងយល់ពីកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាលតាមរយៈ SDF និងឱកាសវិនិយោគនៅកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ SDF បានជួបជាមួយវិនិយោគគិនជប៉ុនដែលមកពីក្រុមហ៊ុនចំនួន១០ ដឹកនាំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីពិភាក្សាការងារ ស្វែងយល់ពីកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាលតាមរយៈ SDF និងឱកាសវិនិយោគនៅកម្ពុជា។ SDF បានបង្ហាញពីតួនាទីយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រសំខាន់ៗរបស់ខ្លួន ដែលផ្តោតលើការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ដើម្បីគាំទ្រការរីកចម្រើននៃវិស័យឯកជន និងបង្កើនផលិតភាពសេដ្ឋកិច្ចនៅកម្ពុជា។
ក្រុមហ៊ុនជប៉ុនចំនួន ១០ ដែលអញ្ជើញចូលរួម ស្ថិតក្នុងវិស័យដូចជា ទី១. វិស័យសុខាភិបាល និងថែទាំមនុស្សចាស់ ទី២. វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ទី៣. វិស័យជីវបច្ចេកវិទ្យា ទី៤. វិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច ទី៥. វិស័យពាណិជ្ជកម្មអន្តរជាតិ (កម្ពុជា-ជប៉ុន) ទី៦. វិស័យបណ្តាញអាជីវកម្ម និងទី៧. វិស័យកីឡាព្រមទាំងការគ្រប់គ្រងព្រឹត្តិការណ៍។

មូលនីធិអភិវឌ្ឍជំនាញ SDF ក៏បានណែនាំអំពីកម្មវិធីគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម រួមមាន ការអភិវឌ្ឍជំនាញដល់និយោជិតរបស់រោងចក្រ-សហគ្រាស (Upskilling) ការអភិវឌ្ឍជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ (Pre-employment) ការអភិវឌ្ឍជំនាញដល់និយោជិតដែលប្តូរជំនាញថ្មី (Re-skilling)។ មកដល់បច្ចុប្បន្ន SDF បានកសាងបណ្តាញដៃគូជាមួយ ៥០២ ក្រុមហ៊ុន ក្នុងនោះ ៧៣ គ្រឹះស្ថានបណ្តុះបណ្តាល និង ២៤ សមាគមធុរកិច្ច។

មូលនីធិអភិវឌ្ឍជំនាញ SDF បន្តបេសកកម្ម "រួមគ្នា កសាងកម្ពុជាប្រកបដោយជំនាញ" ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យឯកជន និងសេដ្ឋកិច្ចជាតិ៕
ដោយ ណយ នឿន (ប្រភព៖ មូលនីធិអភិវឌ្ឍជំនាញ)





