អគ្គនាយកស្ដារសម្បទាស្នើសុំឱ្យមានការបន្ធូរបន្ថយទោស លើកលែងទោស និងបែងចែកការឃុំខ្លួនរបស់អនីតិជនឱ្យដាច់ដោយឡែកពីនីតិជន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្ដម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្ដារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេសស្ដារនីតិសម្បទា អនីតិជនទំនាស់នឹងច្បាប់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តន៍ការងារស្ដារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់នៅពន្ធនាគារខេត្តបាត់ដំបង ។

ឯកឧត្ដម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា បានបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ តាមដាន និងវាយតម្លៃនេះ ដើម្បីស្វែងរក និងដោះស្រាយបញ្ហាប្រឈម និងសួរសុខទុក្ខអនីតិជនទំនាស់នឹងច្បាប់ ជម្រុញការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ការដោះលែងដោយមានលក្ខខណ្ឌ និងបែងចែកការឃុំខ្លួនរបស់អនីតិជនឱ្យដាច់ដោយឡែកពីនីតិជន ជម្រុញការអនុវត្តវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបង លោក វ៉ិត វ៉ាល់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចៅក្រមសាលាដំបូងខេត្ត តំណាងស្នងការដ្ឋាននគរបាលជាតិខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្ត ប្រធានពន្ធនាគារខេត្ត តំណាងអង្គការយូនីសេហ្វ តំណាងអង្គការជីវិតនៅកម្ពុជា និងមន្ត្រីជំនាញប្រមាណជាង ៣៥នាក់៕

ដោយ ណយ នឿន(ប្រភព៖ក្រសួងសង្គមកិច្ច)





