អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យអាជ្ញាធរភូមិ ឃុំរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន និងមានតម្លាភាព
AKP កំពង់ស្ពឺ ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យបញ្ចុះសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តចំបក់ជើងភ្នំ ស្ថិតនៅភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានអបអរសាទរចំពោះសមិទ្ធផលថ្មីៗក្នុងវត្តចំបក់ជើងភ្នំ ដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរស្រុកបន្តយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងការបង្ហោះម៉ូតូដែលបង្កអសន្តិសុខសង្គម ជាពិសេសត្រូវចុះអប់រំផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ត្រូវពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងតម្លាភាព។

ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យពិនិត្យមើលសុពលភាពអត្តសញ្ញាណប័ណ្ណដែលហួសកំណត់ និងទើបគ្រប់អាយុ សូមទៅធ្វើឱ្យបានគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តក៏បានចាត់ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណជូនកម្មករ កម្មការិនីផ្ទាល់តាមបណ្តារោងចក្រ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ និងណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់គ្រងសំរាមឱ្យមានសណ្តាប់ធ្នាប់ មិនត្រឹមតែជួយឱ្យបរិស្ថានស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការរីកចម្រើននៃចំណេះដឹង និងសីលធម៌រស់នៅរបស់បងប្អូនយើងផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបង្ហាញពីមោទនភាពចំពោះសក្តានុពលវិស័យទេសចរណ៍ដ៏សម្បូរបែបនៅក្នុងខេត្តកំពង់ស្ពឺ និងបានដាក់ចេញនូវផែនការត្រៀមលក្ខណៈសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលនឹងរៀបចំកម្មវិធី "កំពង់ស្ពឺសង្ក្រាន្ត" ឱ្យបានអធិកអធម ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត។

ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋតាមភូមិ-ឃុំ នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ ដើម្បីថែរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។ហើយដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ឯកឧត្តមបានណែនាំឱ្យផ្អាកការលេងបាញ់ទឹក ឬជះទឹកដែលបង្កហានិភ័យ ប៉ុន្តែត្រូវជំនួសមកវិញនូវការកម្សាន្តតាមបែបប្រពៃណី សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ។ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើនកន្លែង ដែលត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ៕

ដោយ ម៉ែន ប៊ុនធីម





