ក្រសួងអប់រំរៀបចំការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦-- ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ៖ «សំណេរ និងអំណានក្នុងបរិបទថ្មី» ក្នុងន័យលើកកម្ពស់តម្លៃអក្សរសិល្ប៍ ភាសាខ្មែរ និងលើកកម្ពស់ទម្លាប់អាននៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងនោះការពង្រឹងគុណភាពអប់រំ ការជំរុញវប្បធម៌អំណាន និងការបង្កើនសមត្ថភាពសរសេរ គឺជាគោលដៅយុទ្ធសាស្ត្រ ដែលមិនអាចខ្វះបាន ដើម្បីកសាងសង្គមចំណេះដឹងមួយឱ្យរឹងមាំ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីប្រារព្ធទិវាជាតិអំណាននេះឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងរំឭកដល់វីរភាពរបស់សម្តេចព្រះសង្ឃរាជ ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរពីអាណានិគមនិយមបារាំង និងក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





