រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ សំដៅលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

ក្នុងអង្គប្រជុំ សមាជិកសមាជិកាបានធ្វើការពិភាក្សាយ៉ាងផុសផុល និងសម្រេចអនុម័តលើចំណុចគន្លឹះចំនួន៣ រួមមាន ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤។ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនដល់មន្ត្រី រាជការ និងបុគ្គលិករដ្ឋបាលខេត្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ និងថវិកាពង្រឹងយន្តការរដ្ឋបាល។

ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរក្នុងការបម្រើជាតិ និងប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា «កិច្ចប្រជុំសាមញ្ញនេះគឺជាវេទិកាតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារដែលបានដាក់ចេញ ដើម្បីធានាថាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ»។

ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើការលើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងការផ្តល់សេវាសាធារណៈ។ ឯកឧត្តមបានលើកឡើងថា៖ «ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តនាពេលនេះ គឺជាការតបស្នងចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីយើង។ ខ្ញុំសូមជំរុញឱ្យមន្ទីរ-អង្គភាពទាំងអស់ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារ បង្កើនការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ជាពិសេសត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរជូនពលរដ្ឋ»។

ថ្នាក់ដឹកនាំខេត្តបានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ខែមីនា ដើម្បីបន្តជំរុញវឌ្ឍនភាពខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ឈុន សារ៉ាត





