អត្ថបទពណ៌នាស៊ីជម្រៅ៖ មុខមាត់ពិតនៃឧក្រិដ្ឋកម្មអនឡាញ! ប្រាក់ចំណូលខ្ពស់ជាអន្ទាក់ អន្ទងឱ្យមានជនរងគ្រោះ និងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្លាកស្នាមសេដ្ឋកិច្ចខ្មៅ និងប្រផេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦--“សូមកុំផ្សងព្រេងនឹងព័ត៌មានមិនពិតថាលុយស្រួលរក“ នេះគឺជាសាររបស់យុវជនឥណ្ឌូនេស៊ី វ័យ២២ឆ្នាំម្នាក់ ដែលធ្លាប់បានជាប់គាំងនៅកម្ពុជាជាង៣ឆ្នាំ ដោយសារតែចាញ់បោកមិត្តភក្តិមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា។
និយាយជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅភ្នំពេញ កាលពីពេលថ្មីៗនេះ យុវជន ដែលមកពីទីក្រុងសូឡាវេស៊ីខាងលិច (West Sulawesi) បាននិយាយថា រូបគេបានមកប្រទេសកម្ពុជាតាំងពីអំឡុងឆ្នាំ២០២២ ដោយប្រើទិដ្ឋាការទេសចរណ៍។

អេនឌី អាហ្គូស ឈ្មោះដែលអ្នកយកព័ត៌មានដាក់ជូន បានអះអាងថា រូបគេបានមកប្រទេសកម្ពុជានៅពេលដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដោយសង្ឃឹមថា មករកការងារធ្វើដែលមានប្រាក់ចំណូលមួយខែពី ៨០០ ទៅ ១ ០០០ ដុល្លារ ។ អេនឌី បានអះអាងថា “ ខ្ញុំសម្រេចចិត្តចាកចេញពី សូឡាវេស៊ីខាងលិច ជាមួយនឹងមិត្តភក្តិ ដោយសារមិត្តម្នាក់ប្រាប់ថា នៅកម្ពុជាសំបូរការងារ។ ការងារស្រួលហើយបានប្រាក់ខែខ្ពស់ “។
តាមការរៀបរាប់របស់ អេនឌី នៅពេលមកដល់កម្ពុជាដំបូង រូបគេ និងមិត្តម្នាក់ទៀតត្រូវបានបញ្ជូនទៅខេត្តព្រះសីហនុ ដោយសន្យាថា ឱ្យប្រាក់ខែ ៨០០ដុល្លារ នៅក្នុងមួយខែ ប៉ុន្តែនៅពេលដែលបើក រូបគេអាចទទួលបានមិនដល់ ២០០ដុល្លារផង ដោយសារក្រុមហ៊ុនកាត់ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរ និងថ្លៃហូបចុក ជាដើម។

អេនឌី បានបដិសេធមិននិយាយអំពីការងារដែលរូបគេទទួលខុសត្រូវនោះទេ ដោយគ្រាន់តែនិយាយថា ថៅកែក្រុមហ៊ុននោះគឺចិន ហើយរូបគេធ្វើការជុំគ្នាជាមួយនឹងមិត្តភក្តិដែលមកជាមួយនោះតែមួយខែទេ ហើយក៏បែកគ្នារហូត ដោយឡែកមិត្តភក្តិដែលបបួលរូបគេមកធ្វើការនៅកម្ពុជាក៏រូបគេមិនដែលបានជួបគ្នាដែរតាំងពីមកដល់កម្ពុជា។
អេនឌី បានបន្តថា តាំងពីរូបគេមកដល់កម្ពុជា រូបគេត្រូវបានថៅកែចិននាំទៅធ្វើការជាច្រើនកន្លែង តាំងពីខេត្តព្រះសីហនុ មណ្ឌលគីរី កំពត ប៉ោយប៉ែត បាវិត ហើយចុងក្រោយគេគឺភ្នំពេញ ហើយរូបគេអាចរួចខ្លួនបានគឺក្រោយពេលសមត្ថកិច្ចបង្រ្កាប។
បុរសប៉ាគីស្ថានមួយរូប ដែលជួបនិយាយគ្នានៅកន្លែងចំណតមួយនៅលើកំណាត់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បាននិយាយថា រូបគេបានមកកម្ពុជានេះនៅក្នុងបំណងមករកការងារធ្វើ ហើយក៏មកជាប់គាំងនៅខេត្តព្រះសីហនុ។ បុរសរូបនោះបានអះអាងថា នៅពេលនេះរូបគេកំពុងតែរកផ្លូវត្រឡប់ទៅស្រុកវិញក្រោយថៅកែចិនបានរត់ចោលពួកគេប្រហែលជាមួយសប្តាហ៍មកហើយ។

បុរសប៉ាគីស្ថានរូបនេះ មិនខុសពី អេនឌី ទេ ដោយសារតែរូបគេបានធ្លាក់នៅក្នុងអន្ទាក់ក្រុមឧក្រិដ្ឋកម្មអនឡាញនេះ តាមការណែនាំ និងអូសទាញពីអ្នកស្គាល់គ្នា ហើយពួកគេមិនអាចទៅណាមកណាស្រេចចិត្តបានឡើយ ដោយសារតែមានមេគ្រប់គ្រង តឹងរ៉ឹងច្បាស់លាស់។ ការដែលពួកគេទាំងពីរចេញហើយនិយាយបែបនេះ គឺក្រោយពេលដែលថៅកែ និងក្រុមការងាររត់ចោលពួកគេអស់។
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាបានចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មនេះលើសពី ២០០ ករណី នៅ២ ៥០០ ទីតាំង ដោយបណ្តេញជនបរទេសជាង ៨ ០០០ នាក់ និងកសាងសំណុំរឿងដើម្បីផ្តន្ទាទោសមេខ្លោង និងបក្សពួកជាង ៥០០ នាក់ ហើយក៏មានជនបរទេសដែលស្ម័គ្រចិត្តទៅស្រុកវិញចំនួនជាង ២២៣ ៦០០ នាក់ ក្នុងនោះមានជនជាតិ ចិន វៀតណាម ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថានជាដើម។
ពាក់ព័ន្ធនឹងការបង្ក្រាបឧក្រិដ្ឋកម្មនេះ អាជ្ញាធរកម្ពុជាបានប្តេជ្ញានឹងខិតខំបោសសម្អាតឱ្យបានយ៉ាងយូរត្រឹមខែមេសា ប៉ុន្តែសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា នេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនមែនមានន័យថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជានឹងលែងបង្រ្កាបក្រោយខែមេសានោះទេ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន” កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ថា ការបង្រ្កាបឧក្រិដ្ឋកម្មនេះមិនអាចបញ្ឈប់នៅត្រឹមខែមេសា ឫឱសាន្តវាទណាមួយជាក់លាក់ឡើយ ពោលគឺឱ្យតែមានគឺត្រូវតែបង្រ្កាប។ សម្តេចធិបតីបានបញ្ជាក់ថា “ ការបង្រ្កាប និងចាត់វិធានការច្បាប់ប្រឆាំងឧក្រិដ្ឋកម្មទាំងនេះ ជាការប្តេជ្ញាចិត្តធ្វើ ដើម្បីអនាគតជាតិរបស់យើងទាំងអស់គ្នា មិនមែនជាការធ្វើដើម្បីបានចុះ Checklist ថាបានធ្វើនោះទេ”។
សម្តេចធិបតីបានបន្តទៀតថា ស្ថានភាពនៃសកលលោកនាពេលបច្ចុប្បន្នគឺនៅក្នុងបរិបទផុយស្រួយ ស្មុគស្មាញ និងការបន្តធ្លាក់ចុះនៃសណ្តាប់ធ្នាប់ពិភពលោក ... ដែលបង្កជាឱកាសដល់ក្រុមឧក្រិដ្ឋជន បង្កើតកលល្បិច និងយុទ្ធសាស្រ្ត ទាំងប្រពៃណី និងមិនប្រពៃណី តាមគ្រប់រូបភាព ដូច្នេះយើងត្រូវតែពង្រឹងការបោសសម្អាត។ សម្តេចបានបន្ថែមថា “ នៅពេលនេះបើយើងមិនយកចិត្តទុកដាក់ធ្វើទេ យើងអាចរបួសហើយស្លាប់ ដូច្នេះវាចាំបាច់ត្រូវតែសម្អាតអ្វីដែលជាចំណុចខ្សោយ និងពង្រឹងអ្វីដែលជាចំណុចខ្លាំង“។
សម្តេចធិបតីបានពន្យល់ថា សេដ្ឋកិច្ចមានបីពណ៌ គឺខ្មៅ ប្រផេះ និង ស។ សេដ្ឋកិច្ចខ្មៅ និងប្រផេះ ជាសេដ្ឋកិច្ចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។ ខ្មៅ គឺក្រុមឧក្រិដ្ឋជនបរទេសដែលយកកម្ពុជាជាឈ្នាន់ទៅទាញប្រយោជន៍ពីបរទេស ហើយប្រផេះ គឺក្រុមអ្នកដែលបានផលនៅក្នុងស្រុក ដូចជាក្រុមអ្នកជួលផ្ទះ អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចនេះ ខណៈដែលសេដ្ឋកិច្ចស គឺជាប្រព័ន្ធសេដ្ឋកិច្ចមានតាំងពីកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម សេវាកម្ម ។ល។ សម្តេចធិបតីបានបន្តថា យើងដាច់ខាតមិនឱ្យសេដ្ឋកិច្ចខ្មៅ និងប្រផេះទៅប្រឡាក់ប្រឡូសដល់សេដ្ឋកិច្ចស ដែលពលរដ្ឋយើងរស់ដោយនិរន្តរភាពបានជាដាច់ខាត។
ជាការពិត មកដល់ពេលនេះ នៅក្នុងចំណោមទីតាំងសង្ស័យថាជាកន្លែងប្រពឹ្រត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនេះធំៗហើយល្បី ដូចជា មជ្ឈមណ្ឌលចំការស្វាយ១ (Mango Park 1) នៅលើផ្លូវជាតិលេខ៣ និងមជ្ឈមណ្ឌលចំការស្វាយ២ (Mango Park 2) នៅខេត្តតាកែវ គឺបានបិទយ៉ាងស្ងាប់ស្ងាត់ ហើយកាស៊ីណូ និងមជ្ឈមណ្ឌលជាច្រើនកន្លែងនៅខេត្តព្រះសីហនុក៏បានបិទផងដែរ។ អ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់នៅខេត្តព្រះសីហនុ បានអះអាងថា សណ្ឋាគារ និងកាស៊ីណូជីងប៉ី ជាច្រើនកន្លែងនៅក្រុងនេះ បានបិទអស់រលីងហើយ។
ក្រោយចំណាយពេលមួយសៀល ពោលគឺពីម៉ោង៣ល្ងាច ដល់ម៉ោង៩យប់ តាមរយៈម៉ូតូកង់បីនេះ ដើម្បីសង្កេតតាមសណ្ឋាគារ និងកាស៊ីណូជីងប៉ី ដែលគេល្បីថា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មនេះក្រោមឈ្មោះ កំពូលឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលអាជ្ញាធរកម្ពុជាបានចាប់បញ្ជូនទៅចិនវិញនោះ ឃើញថា បិទឡើងស្ងាត់ឈឹង ហើយទីតាំងនោះគឺប្រៀបបាននឹងកន្លែងដែលគេបោះបង់ចោល។
អ្នករត់ម៉ូតូកង់បីរូបនោះបានអះអាងថា “មុនបិទ ទីកន្លែងទាំងនោះមិនស្ងាត់ជ្រងំបែបនេះឡើយ ។ ទីនោះមានឡានដឹកមនុស្សចេញចូលៗទាំងថ្ងៃទាំងយប់ ហើយអ៊ូអរ រីឯបុគ្គលិកខ្មែរធ្វើការនៅទីនោះច្រើន ប៉ុន្តែឥឡូវស្ងាត់ចង់ខ្លាចខ្មោចលង“៕
ដោយ ហេង បញ្ញា





