សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនបងប្អូនភៀសសឹកស្នាក់នៅក្នុងស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦-- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋសភាចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនបងប្អូនភៀសសឹកស្នាក់នៅក្នុងវត្តបូណ៌ខ្នាតេជោ ស្រុកក្រឡាញ់ និងវត្តសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ក្នុងឱកាសនៃទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅ និងទឹកចិត្តអាណិតស្រឡាញ់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូន ក្មួយៗ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹកក្នុងមូលដ្ឋានទាំងអស់នៃខេត្តសៀមរាប។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋជាខ្លាំង ហើយសម្តេចយល់ច្បាស់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ជាពិសេសស្ត្រី ក្មេងស្រី និងជនចាស់ជរា ដែលត្រូវឃ្លាតចាកឆ្ងាយពីផ្ទះសម្បែង ដែលធ្លាប់រស់នៅប្រកបដោយភាពសុខសាន្ត ហើយត្រូវមករស់នៅក្នុងជំរំប្រមូលផ្ដុំបែបនេះ។ ប៉ុន្តែទោះបីមានការថែទាំ ការធានាសុវត្ថិភាព និងការផ្តល់សេវាសំខាន់ៗក៏ដោយ ក៏មិនស្រួលដូចការរស់នៅក្នុងផ្ទះរបស់ខ្លួនឡើយ ដូចពាក្យចាស់ពោលថា«គ្មានកន្លែងណា ប្រសើរជាងផ្ទះយើងឡើយ»។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាយើង លោកក៏កំពុងខិតខំគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ប៉ុន្តែពេលនេះ មិនទាន់អាចវិលត្រឡប់ទៅបានទេ ដោយសារហេតុផល អសន្តិសុខ និងសុវត្ថិភាព។ ប្រមុខថ្នាក់ដឹកនាំរបស់យើង លោកតែងតែគិតគូរពីសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។ ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចសូមបងប្អូនទាំងអស់ បន្តអត់ធ្មត់ និងស៊ូទ្រាំមួយរយៈពេលទៀត រង់ចាំរហូតដល់ស្ថានភាពមានប្រក្រតីភាពឡើងវិញ ពេលនោះបងប្អូនអាចត្រឡប់ទៅភូមិស្ថានរបស់ខ្លួនវិញបាន។ ជាពិសេស សូមបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ព្រោះលោកមិនដែលទុកបងប្អូនចោលនោះឡើយ។

បើតាមរបាយការណ៍របស់រដ្ឋបាលស្រុកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្នុងស្រុកក្រឡាញ់ នៅសល់បងប្អូនភៀសសឹកសរុប ១ ១០៥គ្រួសារ ស្មើនឹង ៣ ៤៧៥នាក់ និងនៅក្នុងស្រុកពួក មានចំនួន ១៥៥គ្រួសារ ស្មើនឹង ៤៨០នាក់ ស្នាក់នៅជំរំភៀសសឹក និង ១៣៣គ្រួសារ ស្មើនឹង ៤២០នាក់ កំពុងស្នាក់នៅតាមខ្នងផ្ទះចំនួន៧០នាក់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរទូទាំងខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។ សម្រាប់បងប្អូនទាំងអស់ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ គឺដោយសារយោធាថៃធ្វើរបងព័ទ្ធលំនៅឋាន ផ្ទះត្រូវខូចខាត សមត្ថកិច្ចមូលដ្ឋានមិនទាន់ឱ្យចូល ផ្ទះមានគ្រាប់មិនទាន់ផ្ទុះ ផ្ទះនៅជិតជួរមុខ៕

ដោយ ឃុត សៅ





