បទយកការណ៍៖ ការសម្តែងសិល្បៈរបាំប្រពៃណីរបស់ជនជាតិភាគតិចនៅតែរក្សាបានខ្ជាប់ខ្ជួន និងការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយជារឿងចាំបាច់
AKP ភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦--ការសម្តែងសិល្បៈ របាំ និង តន្ត្រីប្រពៃណីជនជាតិដើមភាគតិចពូនង(ព្នង)ក្នុងខេត្តមណ្ឌលគិរី បានកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនដែលជារបាំប្រពៃណីតាំងតែពីដូនរបស់ពួកគាត់ ដែលវាជាអត្តសញ្ញាណវប្បធម៌ដ៏សំខាន់ និងទាក់ទាញទេសចរណ៍។ ជាមួយគ្នានេះ ការបណ្តុះបណ្តាលក្មេងជំនាន់ក្រោយជារឿងចាំបាច់ ដើម្បីថែរក្សា អភិរក្សភាពចម្រុះ និងបន្តចំណេះដឹងពីជំនឿ ទំនៀមទម្លាប់ទៅអនាគត។

ជាមួយនឹង របាំប្រពៃណី របស់ជនជាតិដើមភាគតិច សម្រាប់លេងក្នុងពិធីជំនឿ-សាសនា និងការកម្សាន្តសប្បាយក្នុងពិធីបុណ្យនានា ក្នុងនេះ ក៏រួមទាំងសម្តែងសម្រាប់ភ្ញៀវទេសចរក្នុងការរកថវិកា ហើយក៏ដូចជាផ្សព្វផ្សាយវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចរបស់កម្ពុជាទៅកាន់ពិភពលោក ផងដែរ។

អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ស្តិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការសម្តែងរបាំសិល្បៈប្រពៃណីជនជាតិដើមភាគតិចពូនងពិតជាមានសារៈសំខាន់សម្រាប់អ្នកទេសចរ ប៉ុន្តែគិតមកដល់ពេលនេះសហគមន៍ពុំទាន់បានរៀបចំបាននៅឡើយទេ ខណៈការខកខានការសម្តែងនេះដោយសារកង្វះគ្រូ និងសម្លៀកបំពាក់។ អ្នកស្រីប្រធានសហគមន៍ទេសចរណ៍រូបនេះបានលើកឡើងថា សិល្បៈរបាំប្រពៃណីជនជាតិដើមភាគតិចចាស់ៗជំនាន់មុន ឱ្យតម្លៃយ៉ាងខ្លាំងក្លា ហើយក្នុងនាមមនុស្សជំនាន់ក្រោយក៏នៅតែថែរក្សា និងឱ្យតម្លៃមិនឱ្យសាបសូន្យឡើយ។ ដោយសារតែហេតុនេះហើយ៖ «នាងខ្ញុំចង់ឱ្យថែរក្សាវប្បធម៌ប្រពៃណីនេះឱ្យខ្ជាប់ខ្ជួន ហើយចង់ឱ្យក្មេងជំនាន់ក្រោយបានហាត់រៀន និងមានជំនាញសិល្បៈសម្តែងឱ្យបានច្បាស់លាស់ដើម្បីថែរក្សាវប្បធម៌ប្រពៃណីនេះបានជាប់គង់វង្សរៀងរហូត»។

ទាក់ទិនក្នុងរឿងនេះដែរ លោក វ៉ាន់ លៀង ប្រធានក្រុមរបាំប្រពៃណីបងប្អូនភូមិភាគតិចឦសានប្រចាំនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន បើទោះបី ការចេញសម្តែងនៃរបាំប្រពៃណីជនជាតិដើមភាគតិចពូនង មានការថមថយចុះ ហើយការសម្តែងទៀតសោត ច្រើនតែទៅលើកម្មវិធីថ្នាក់ជាតិ និងពិធីមួយចំនួនក៏ដោយ តែទំនៀមទម្លាប់នេះតែរក្សាបានខ្ជាប់ខ្ជួន។ លោកបន្ដថា កន្លងមកនេះ ការសម្តែងក្រុមរបស់លោកមានច្រើន ក្នុងនេះមានទាំងតាមរយៈការជួលរបស់ភ្ញៀវទេសចរ ឬក៏កម្មវិធីអ្វីមួយតែក៏មានសារៈសំខាន់ណាស់ដើម្បីបង្ហាញពីវប្បធម៌ជនជាតិភាគតិចកម្ពុជាដល់ពួកគេ។

ប្រធានក្រុមរបាំប្រពៃណីបងប្អូនភូមិភាគតិចឦសានរូបនេះបានអះអាងថា ក្រុមរបស់លោកមានចំនួន១៤នាក់ ហើយការសម្តែងបានចាប់ផ្តើមពីឆ្នាំ២០០៨មក ដែលក្នុងចំណោមនេះ អ្នកសម្តែងភាគច្រើនមានមុខរបរផ្សេង ហើយការសម្តែងរបស់ពួកគាត់ម្តងម្កាលនៅពេលដែលមានតម្រូវការ។

យ៉ាងណាក្តី លោកប្រធានក្រុមរបាំប្រពៃណីបងប្អូនភូមិភាគតិចឦសានរូបនេះ ចង់ឱ្យមានការយកចិត្តទុកដាក់ បណ្តុះបណ្តាល ដល់យុវជនឱ្យបានត្រឹមត្រូវ ដើម្បីបន្តវេនដល់មនុស្សជំនាន់ក្រោយ ពីព្រោះលោកមើលឃើញថា៖ «អ្នកជំនាញរបាំទាំងនេះមានច្រើនពិសេសចាស់ៗរស់នៅតំបន់នេះពួកគាត់អាចបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយបានយ៉ាងល្អ»។

ចំណែក លោក ថុល វីរៈ អនុប្រធានសហគមន៍ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីបានអះអាងផងដែរថា អ្នកចេះរបាំប្រពៃណីជនជាតិដើមភាគតិចនៅភូមិរបស់លោកមានចំនួន ៧ ទៅ៨នាក់ ហើយពួកគាត់កំពុងសម្តែងរៀងរាល់កម្មវិធីបុណ្យទាន ឬកម្មវិធីសម្តែងសម្រាប់ភ្ញៀវទេសចរ។ លោកចង់ឱ្យក្មេងជំនាន់ក្រោយហាត់រៀនឱ្យបានច្រើនពីព្រោះថាលោកមើលឃើញថាពុំសូវចាប់អារម្មណ៍រៀនរបាំនេះឡើយ ពោលគឺចេះតែចាស់ៗជំនាន់មុន។
ជាមួយគ្នានេះដែរ លោក ថុល វីរៈ ក៏បានប្រាប់ទៀតថា សមាជិកសហគមន៍មានចំនួន ៧៦គ្រួសារ ការសម្តែងសិល្បៈប្រចាំភូមិ ឬកម្មវិធីអ្វីមួយ ការសិល្បៈសម្តែងមានជាប់ជាប្រចាំ ហើយរបាំទាំងនេះមិនអាចខ្វះបានឡើយសម្រាប់ជនជាតិភាគតិចពូនងរបស់លោក។
ពាក់ព័ន្ធនឹងសិល្បៈរបាំប្រពៃណីរបស់ជនជាតិភាគតិចនៅកម្ពុជា ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងថា បញ្ហាដែលកំពុងប្រឈមធំនាពេលបច្ចុប្បន្ននេះគឺការបន្តវេនរបស់ក្មេងជំនាន់ក្រោយពីសិល្បៈនេះ។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងនឹងជំរុញក៏ដូចជាបន្តកិច្ចសហការ ធ្វើយ៉ាងណាបណ្តុះបណ្តាលឱ្យសិល្បៈនេះបានរីកចម្រើនដែលបម្រើទាំងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចនៅកម្ពុជាក៏ដូចជាទាក់ទាញវិស័យទេសចរណ៍។
សូមបញ្ជាក់ជូនថា ជនជាតិដើមភាគតិចនៅកម្ពុជា មានជាច្រើនដូចជារបាំកាប់ក្របីរបស់ជនជាតិដើមភាគតិចគ្រឹង ទំពួន និងព្នង ក្នុងខេត្តតរនគិរី និងខេត្ដមណ្ឌលគិរី ពាក់ព័ន្ធនឹងពិធីកាប់ក្របី សែនព្រេន លាងអារក្ស និងផឹកស្រាក្នុងជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា។ របាំព្លយសួយរបស់ជនជាតិសួយ នៅក្នុងខេត្តកំពង់ស្ពឺ។ របាំស្នែងទន្សោង របាំសែនព្លយ របាំក្ងោកពោធិ៍សាត់ និងរបាំបេះក្រវាញ របស់ជនជាតិព័ររស់នៅក្នុងតំបន់ភ្នំក្រវាញ ខេត្តពោធិសាត់។ ចំពោះរបាំក្ងោកប៉ៃលិន របស់ជនជាតិកូឡា ក្នុងខេត្តប៉ៃលិនជាដើម៕
ដោយ៖ មករា





