ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងបម្រុងដល់ពលរដ្ឋភៀសសឹកជាង១២០០គ្រួសារ
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦--ក្រោមស្មារតី "រួមសុខរួមទុក្ខ" និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិសហការជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយសង្គ្រោះបន្ទាន់ជាស្បៀងអាហារ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន១,២៧៧ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលវត្តអារាមកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកអូរជ្រៅ និង ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាំយកនូវគ្រឿងឧបភោគបរិភោគរួមមាន សាច់ជ្រូក ១,៥០០ គីឡូក្រាម សាច់មាន់ ១,៥០០ គីឡូក្រាម ស៊ុតមាន់១៤,០០០គ្រាប់ អំបិល ១,៣០០ កញ្ចប់ និងប៊ីចេង ១,៦០០ កញ្ចប់។ អំណោយទាំងនេះត្រូវបានបែងចែកជូនពលរដ្ឋនៅមណ្ឌលវត្តចាន់ស៊ីរតនារាម និងមណ្ឌលវត្តពោធិ៍សូរិយារាម ដោយក្នុងមួយគ្រួសារទទួលបាននូវសាច់ជ្រូក ១ គីឡូក្រាម មាន់១ក្បាល ស៊ុតមាន់ ១០ គ្រាប់ រួមនឹងគ្រឿងទេសមួយចំនួនទៀត។

ឯកឧត្តម ជា ឆេង បានមានប្រសាសន៍ទៅកាន់បងប្អូនពលរដ្ឋថា រាជរដ្ឋាភិបាលមិនដែលបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ជាពិសេសបងប្អូនដែលកំពុងរងគ្រោះដោយសារស្ថានភាពមិនច្បាស់លាស់នៅតាមបន្ទាត់ព្រំដែន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា "ការចុះមកនាពេលនេះ គឺដើម្បីនាំយកនូវក្តីនឹករលឹក និងការគិតគូរពីសុខទុក្ខរបស់ប្រមុខដឹកនាំ ដែលលោកតែងតែតាមដានជាប់ជានិច្ចនូវស្ថានភាពរស់នៅរបស់បងប្អូនភៀសសឹកទាំងអស់។"

ទន្ទឹមនឹងនោះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងពីបញ្ហាប្រឈមដែលបណ្តាលមកពីការរំលោភបំពានពីសំណាក់ភាគីថៃ ដែលបានព័ទ្ធរបងលួសបន្លា ដាក់ទូកុងទ័រន័ររាំងខ្ទប់ និងការបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឱ្យបងប្អូនមិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិឋានដើមវិញបាន។ លោកអភិបាលរងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំសម្របសម្រួល និងដោះស្រាយតាមផ្លូវការទូត ក៏ដូចជាធានាសុវត្ថិភាពជូនពលរដ្ឋជាអាទិភាព។

បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបានទទួលអំណោយបានសម្តែងនូវក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងរាជរដ្ឋាភិបាល ដែលមិនទុកឱ្យពួកគាត់ដាច់ស្បៀងក្នុងគ្រាលំបាក។ ស្ត្រីវ័យចំណាស់ម្នាក់ដែលស្នាក់នៅមណ្ឌលវត្តចាន់ស៊ីរតនារាម បានរៀបរាប់ថា "ទោះបីពួកខ្ញុំមិនទាន់អាចទៅផ្ទះវិញបានដោយសារខ្លាចគ្រាប់មីន និងការរារាំងនៅព្រំដែន ប៉ុន្តែការដែលឃើញថ្នាក់ដឹកនាំចុះមកផ្ទាល់ និងមានស្បៀងអាហារហូរហៀរែបែបនេះ ធ្វើឱ្យពួកខ្ញុំមានកម្លាំងចិត្ត និងមានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងណាស់។"
ពិធីនេះក៏មានការចូលរួមសម្របសម្រួលយ៉ាងជិតស្និទ្ធពី លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ដែលបង្ហាញពីសាមគ្គីភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបម្រើប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏តានតឹងនេះ៕
ដោយ ឈុន សារ៉ាត





