រដ្ឋមន្រ្តីក្រសួង រ៉ែ និង ថាមពល៖ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់សូមកុំភ័យ
AKP ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ -- បើទោះបីប្រេងឡើងថ្លៃ ធ្យូងថ្ម ឡើងថ្លៃបែបណាក៏ដោយ តែថ្លៃភ្លើងមិនឡើងថ្លៃទេពោលគឺនៅដដែលមិនបាច់ព្រួយបារម្ភឡើយ។ អគ្គិសនី មិនខ្វះ ហើយក៏មិនឡើងថ្លៃដែរ សូមឱ្យមានការស្ងប់ចិត្តពីបញ្ហានេះ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា នាពេលនេះកម្ពុជាយើងសល់ទឹកក្នុងអាងស្តុកទឹកពី៧០ ទៅ៨០ភាគរយ សម្រាប់ប្រើប្រាស់វារីអគ្គិសនី គឺទឹកសល់ពេញអាងមិនខ្វះភ្លើងប្រើប្រាស់សោះឡើយ។ ដោយឡែកជុំវិញបញ្ហាប្រេងសាំងវិញដែរឯកឧត្តម កែវ រតនៈ បានព្រមានថា៖ «ចំពោះ អ្នកដែលមានមិនមានអាជ្ញាបណ្ណលក់ប្រេងសាំងហាមទិញ សាំងទាំងកានៗយកទៅដាក់លក់ ហើយលក់លើសថ្លៃនោះ នឹងប្រឈមចាប់តែម្តងព្រោះថាមិនមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយមិនបានគោរពស្តង់ដារសុវត្តិភាពបានត្រឹមត្រូវដែលអាចប្រឈមនឹងការគ្រោះថ្នាក់។ ការដែល យកធុងជ័រមកបញ្ច្រកដាក់លក់មុខផ្ទះ នឹងប្រឈមចាប់ហើយ។សុំកុំធ្វើដូច្នេះ»។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យពលរដ្ឋជួយគ្នាដើម្បីសន្តិភាពដូចយើងចូលរួមគ្នា ការពារទឹកដី ពេលលំបាកមិនត្រូវឆ្លៀតកេងប្រវ័ញ្ចគ្នាទៅវិញទៅមកទេ ខណៈពេលលំបាកគឺពេលដែលចាប់ដៃគ្នាដើម្បីឆ្លងគ្រានេះឱ្យផុតដើម្បីយើងស្រួលទាំងអស់គ្នា ដើម្បីជាតិខ្មែរជាកិត្តិយសយើងជួយគ្នា មិនមែនឆ្លៀតឱកាសធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចទេ ហើយរាជរដ្ឋាភិបាលនឹងគាំទ្រដល់ក្រុមហ៊ុនធ្វើការត្រឹមត្រូវ និងដាក់វិន័យចំពោះអ្នកធ្វើការមិនត្រឹមត្រូវ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ក្នុងសប្តាហ៍ខាងមុខនេះ ក្រសួងនឹងចេញវិធានការបន្តបន្ទាប់រឿងថ្លៃ រឿងបញ្ហាផ្គត់ផ្គង់ ហើយនិងការចែកចាយរបស់ក្រុមហ៊ុន ។
ឯកឧត្តម រដ្ឋមន្រ្ដីក៏បានព្រមានដែរចំពោះស្ថានីយប្រេងឥន្ធនៈដែលចែកចាយបន្តគ្នាពីស្ថានីយប្រេងឥន្ធនៈមួយទៅស្ថានីយប្រេងឥន្ធនៈទៀត ក្នុងពេលដែលរាជរដ្ឋាភិបាលបានកំណត់ថ្លែហើយប្រេងចាស់តម្លៃដូចម្តេច ហើយប្រេងនាំចូលថ្មីតម្លៃយ៉ាងណាត្រូវលក់ទៅតាមទីផ្សារ។ ដោយឡែកចំពោះស្ថានីយប្រេងឥន្ធនៈណា ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកដ៏ច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកតម្លើងថ្លៃនោះក៏ប្រឈមនឹងត្រូវបិទសិទ្ធិលែងឱ្យលក់មួយជីវិតដូចគ្នាផងដែរ៕
ដោយ៖ មករា





