បទយកការណ៍៖ ដំណាំម្អម ជាការជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពគ្រួសារកសិករ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ -- ម្អមគឺជាឈ្មោះស្មៅរុក្ខជាតិម្យ៉ាង ដែលមានទម្រង់ដើមតូចៗ ស្លឹកល្អិត និងមានក្លិនឈ្ងុយប្រហើរ ដែលមានដុះតាមវាលស្រែ តាមធម្មជាតិ។ ប្រជាជនខ្មែរតែងនិយមយកម្អម មកផ្សំជាម្ហូបអាហារ តាមតម្រូវការគ្រួសារនីមួយៗ ខណៈដែលសម័យមុនស្មៅម្អមនេះ សម្បូរបែបណាស់ដុះនៅតាមដីស្រែក្នុងតំបន់នីមួយៗ មិនមានកសិករដាំដុះនោះទេ។
ដោយឡែក មកដល់សម័យបច្ចុប្បន្ន ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋច្រើន ទើបមានកសិករមានគំនិតកែច្នៃមកដាំសម្រាប់ឆ្លើយតបទៅនឹងទីផ្សារ ជាពិសេសដំណាំម្អមនេះ អាចជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពគ្រួសារ បានមួយកម្រិត ផងដែរ។

ស្របពេលដែលដំណាំម្អម ជាប្រភេទបន្លែ និងមានការចូលចិត្ដបរិភោគរបស់បងប្អូនប្រជាជនកម្ពុជា ហើយបន្លែប្រភេទនេះ ក៏ជាប្រភពចំណូលបន្ថែមមួយដ៏សំខាន់សម្រាប់កសិករនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយសារបច្ចុប្បន្នដំណាំប្រភេទនេះមានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ។
អ្នកស្រី ជិន សារុំ ជាកសិករដាំដំណាំម្អម រស់នៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប បានចែករំលែកបទពិសោធន៍ក្នុងការដាំដំណាំម្អមនេះឱ្យដឹងថា ម្អមគឺជាប្រភេទដំណាំវិលជុំដែលងាយស្រួលដាំដុះ និងអាចប្រមូលផលបានគ្រប់ រដូវកាល។ អ្នកស្រីបានបញ្ជាក់ថា របរនេះអាចផ្ដល់ប្រាក់ចំណូលបន្ថែមជូនគ្រួសារចន្លោះពី ៣០ម៉ឺន ទៅ ៥០ម៉ឺនរៀល ក្នុងមួយខែ ខណៈដែលតម្លៃលើទីផ្សារក្នុងឆ្នាំនេះ ក៏មានសភាពសមរម្យ ផងដែរ។

បើតាមអ្នកស្រី ជិន សារុំ មូលហេតុដែលអ្នកស្រីជ្រើសរើសដាំម្អម ព្រោះអ្នកស្រីមើលឃើញថា បច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបខ្មែរ ហើយដំណាំនេះទៀតសោតងាយស្រួលថែទាំ មិនសូវរើសដី និងមិនត្រូវការបច្ចេកទេសស្មុគស្មាញដូចដំណាំដទៃ។ អ្នកស្រីបាននិយាយឱ្យដឹងយ៉ាងដូច្នេះថា៖ «ការដាំនេះដែរ ខ្ញុំក៏អាចដាំបន្ថែមលើដំណាំរួមផ្សំផ្សេងទៀតដូចជា ស្ពៃ, ត្រកួន, ខ្ទឹម និងជីគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាបផងដែរ»។

អ្នកស្រី ជិន សារុំ បានបញ្ជាក់ដោយអះអាងថា ក្នុងមួយថ្ងៃៗ អ្នកស្រីទទួលបានការកុម្ម៉ង់ពីអាជីវករតាមផ្សារនានា ចាប់ពី ១០០បាច់ ទៅ ៤០០បាច់ អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។ ទោះជាយ៉ាងណា ដោយសារតំបន់ដែលអ្នកស្រីរស់នៅប្រឈមនឹងការលិចទឹកក្នុងរដូវវស្សា ទើបអ្នកស្រីសម្រេចចិត្តដាំម្អមនេះតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

អ្នកស្រី ជិន សារុំ អាចចាត់ទុកថា ជាកសិករគំរូមួយរូប នៅក្នុងភូមិវាល សង្កាត់ជ្រាវ ហើយក៏ជាអ្នកដាំដំណាំម្អមសម្រាប់ផ្គង់ផ្គង់នៅតំបន់នោះផងដែរ។ អ្នកស្រីក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរនៅជុំវិញផ្ទះ គួរងាកមកដាំដំណាំរួមផ្សំផ្សេងៗ ជាជាងការទូកដីឱ្យទំនេរចោល ដោយអ្នកស្រីបានអះអាងថា៖ «ព្រោះការធ្វើបែបនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាប្រភពចំណូលបន្ថែម កាត់បន្ថយការនាំចូលបន្លែពីក្រៅ និងធានាបាននូវបន្លែសុវត្ថិភាពសម្រាប់បរិភោគទៀតផង»។

ទាក់ទងនឹងការដាំបន្លែម្អមនេះដែរ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាបបានបញ្ជាក់ថា សង្កាត់ជ្រាវជាសង្កាត់កសិកម្ម ហើយមុខរបររបស់ប្រជាពលរដ្ឋគឺការធ្វើកសិកម្ម តាំងពីដំណាំស្រូវ ហើយនឹងដំណាំបន្លែមួយចំនួន ក្នុងនោះដូចជាដំណាំម្អម ជី ម្ទេស និងដំណាំផ្សេងៗទៀត។ លោកចៅសង្កាត់បានបន្ដថា ការធ្វើការដាំដុះដំណាំទាំងអស់នេះ គឺអាជ្ញាធរក៏ដូចមន្រ្ដីកសិកម្ម អត់បានផ្ដល់បច្ចេកទេសណាមួយណែនាំដល់បងប្អូនក្នុងការដាំដុះនៅក្នុងសង្កាត់នោះទេ ដោយការប្រកបរបរនេះ បងប្អូនប្រជាពលរដ្ឋធ្វើឡើងតាមគ្រួសារ និងខ្លះបន្ដតាំងពីដូនតាមកម្លេះ។ លោកចៅសង្កាត់រូបនេះ ក៏បានឱ្យដឹងបន្ថែមថា ប៉ុន្ដែក្រោយមក ក៏ដូចជាបច្ចុប្បន្នដោយសារតែមានតម្រូវការច្រើនលើដំណាំម្អមនេះ ពួកគាត់ក៏បានធ្វើការកែច្នៃដាំដុះទៅតាមតម្រូវការជាក់ស្ដែង ដោយងាកមកប្រកបរបរដាំម្អមនេះតែម្ដង៕


ដោយ៖ ឃុត សៅ





