បទវិចារណកថា៖ ចូលឆ្នាំខ្មែរយើងបន្តថែរក្សាប្រពៃណី ប៉ុន្តែក៏មិនត្រូវភ្លេចវីរយោធិន វីរនគរបាល និងជនភៀសសឹកយើងដែរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ -- ជារៀងរាល់ឆ្នាំ ឱ្យតែចូលដល់រដូវប្រាំងនៅខែមេសា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងគិតទៅដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានមកដល់ ខណៈដែលនៅក្នុងឆ្នាំ២០២៦នេះ ពិធីបុណ្យចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ខ្លះក៏បានគិតរួចទៅហើយថានឹងធ្វើដំណើរកម្សាន្តទៅកន្លែងណាមួយ ខ្លះក៏បានគិតទុកថានឹងទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ នៅតាមបណ្តាខេត្តផ្សេងៗ។
គួររម្លឹកថា កាលពីពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥កន្លងទៅ មានប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនប្រមាណជិត ២៤លាននាក់ កើនឡើង ៩,៩% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ជាការពិតណាស់ ចំនួនកាលនោះគឺជាតួលេខដ៏ច្រើនដែលបញ្ជាក់ពីកត្តាសុខសន្តិភាព របស់ប្រទេសជាតិ និងជីវភាពធូរធាររបស់ប្រជាពលរដ្ឋ។
ទោះបីជាយ៉ាងណា នៅឆ្នាំ២០២៦នេះ យើងមិនសង្ឃឹមថាប្រជាពលរដ្ឋនឹងដើរលេងកម្សាន្តក្នុងតួលេខដ៏ច្រើនដូចឆ្នាំមុនទេ ក្នុងបរិបទនៃស្ថានភាពប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពានពីសំណាក់ប្រទេសថៃ។

នៅឆ្នាំនេះផងដែរ ការសប្បាយរីករាយនៅក្នុងប្រទេសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ក៏ពិតណាស់នឹងមិនសូវលឺសូរសម្លេងសើចក្អាកក្អាយ ការប្រគុំតន្ត្រីបែបសប្បាយៗ ច្រើនដូចឆ្នាំមុនដែរ។ ប្រការនេះក៏ព្រោះតែសោកនាដកម្ម និងទិដ្ឋភាពដ៏ឈឺចាប់នៃសង្គ្រាមឈ្លានពានរបស់ថៃកាលពីខែកក្កដា និងខែធ្នូ ដែលបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិខ្មែរគ្រប់ៗគ្នា។
យើងបានឃើញទាំងអស់គ្នាហើយថា ការពលីសាច់ស្រស់ឈាមស្រស់របស់វីរយោធិន វីរនគរបាល និងមរណភាពរបស់ប្រជាពលរដ្ឋស៊ីវិលរបស់យើង គឺជាទុក្ខវេទេនាផ្លូវចិត្តដែលចាក់ចូលជ្រៅទៅក្នុងបេះដូង ដែលមិនងាយនឹងរលុបបាត់ដោយកត្តាពេលវេលាក្នុងរយៈពេលខ្លីនោះទេ។ ប៉ុន្តែ ទុក្ខសោករបស់យើង គ្រាន់តែធ្វើឱ្យសត្រូវរបស់យើងកាន់តែសប្បាយចិត្តប៉ុណ្ណោះ។ ដូច្នេះ យើងគួរតែឆ្លៀតពេលវេលាដើម្បីសប្បាយរីករាយខ្លះ ដែលអាចបំបាត់ទុក្ខព្រួយបានមួយគ្រា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី នៅតែប្រព្រឹត្តជាធម្មតា ហើយសម្រាប់រាជធានីភ្នំពេញ សម្តេចក៏បានគាំទ្រព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍ថ្មីមួយរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ផងដែរថាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិ និងស្នើឱ្យជនរួមជាតិលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើពេលវេលាខ្លះក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទៅជួបបងប្អូនជនភៀសសឹកផងដែរ ដើម្បីកុំឱ្យពួកគាត់ឯកា ហើយមានអារម្មណ៍ថាត្រូវជនរួមជាតិបំភ្លេចពួកគាត់ចោល។
បន្ថែមពីលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវរៀបចំជា Poster ដើម្បីរំលេចស្មារតីរួមគ្នា គោរពដល់គុណបំណាច់ និងវីរភាពរបស់វីរកងទ័ព វីរនគរបាលយើង ចំណែកថវិកាទទួលបានពីមូលនិធិរបស់ ស.ស.យ.ក. គឺនឹងត្រូវផ្តល់ជូនដល់ជនភៀសសឹក វីរកងទ័ព និងវីរនគរបាលយើង។
ការរៀបរាប់ទាំងនេះ គឺមិនមែនមិនចង់ឱ្យជនរួមជាតិសប្បាយរីករាយនោះទេ ព្រោះយើងក៏មិនអាចរស់នៅក្នុងទុក្ខសោក និងវេទនាផ្លូវចិត្តពេកដែរ។ ប៉ុន្តែក្នុងពេលដែលប្រជាពលរដ្ឋភៀសសឹករបស់យើងប្រមាណ ៤៦ ០០០នាក់ មិនទាន់អាចត្រលប់ទៅលំនៅឋានបាន ក្នុងពេលដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានបំផ្លាញដោយទាហានឈ្លានពានថៃ ខណៈផ្នែកខ្លះនៃភូមិត្រូវបានទាហានថៃដាក់បន្លាលួស និងទូកុងតឺន័រ មិនឱ្យចូលភូមិ រួមទាំងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏មហាធំធេង និងស្លាកស្នាមបែកបាក់នៃប្រាសាទបុរាណខ្មែរ យើងនៅតែចងចាំថាវាជាទុក្ខសោករបស់ប្រជាជាតិយើងទាំងមូល។
ការឈ្លានពានរបស់ថៃនៅតែបន្តមាន ជនរួមជាតិយើងជាច្រើនម៉ឺននាក់កំពុងរស់នៅក្នុងតង់ ដែលភាគច្រើនគឺជាស្ត្រី និងកុមារ ដូច្នេះ យើងគួរឆ្លៀតពេលខ្លះនាំយកអំណោយតិចតួចតាមលទ្ធភាព ស្របតាមការអំពាវនាវរបស់ សម្តេចធិបតី ដើម្បីយកទៅជូនពួកគាត់ ដែលនេះគឺជាការលើកទឹកចិត្តដ៏ធំធេង និងបង្ហាញពីស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។
សរុបមកវិញ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមបួងសួងវត្ថុស័ក្តិសិទ្ធិដែលតាមបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយព្រះរាជាណាចក្រយើងនេះ ជួបតែសុខសន្តិភាព និងវិបុលភាព តរៀងទៅ។ យើងក៏សូមអំពាវនាវដល់ជនរួមជាតិធ្វើដំណើរទៅទីជិតឆ្ងាយ សូមសមប្រកបតែសុខសុវត្ថិភាពគ្រប់ៗគ្នា។
ពាក្យចាស់ដំណាលថា សើចច្រើនកើនអាយុ! ដូច្នេះសូមជនរួមជាតិរីករាយទាំងអស់គ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប៉ុន្តែសូមសប្បាយរីករាយនៅក្នុងបរិបទថ្មី នៃស្ថានភាពរបស់ប្រទេសជាតិ៕





