បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ ទី ៤ ប្រារព្ធ ពិធី ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោម ប្រធាន បបទ"សន្តិភាព និង សន្តិសុខ សម្រាប់ ស្ត្រី និង គ្រួសារ"
AKPកំពង់ធំថ្ងៃទី០ ៨ ខែមីនា ឆ្នាំ២០២៦ -- នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគ ទី ៤ នាព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២៦បានប្រារព្វ ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និង គ្រួសារ" ក្រោម អធិបតី ភាព ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំនិងលោក ជំទាវ នួន វិធាវី សោម ស៊ុន ព្រមទាំង មានការអញ្ជើញចូលរួមពី លោកលោកស្រីមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ ផ្នែកសឹករង ក្រុង/ស្រុក នាយ នាយរងការិយាល័យ ផ្នែកចំណុះទីបញ្ជាការ និងភរិយា ព្រម ទាំង យោធិន នារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើន នាក់។

ជាកិច្ចចាប់ផ្តើម លោកស្រី វរសេនីយ៍ ទោ យូ មុន្នី រដ្ឋ នាយ សេនា ធិការ រង និង ជាប្រធាន ក្រុម ការងារ យ៉េនឌ័រ នៃបញ្ជាការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ បានឡើងអានព្រះរាជសារ សម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១៥ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ដោយ បាន គូស បញ្ជាក់ អំពីការកើតឡើងនៃទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថា៖នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកកាត់ដេរនៅទីក្រុងស៊ីកាកូ និងញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានជិះជាន់កម្លាំងពលកម្មហួសប្រមាណចន្លោះពី១២ ទៅ១៦ម៉ោង ក្នុង១ថ្ងៃ ដោយទទួលបានថ្លៃឈ្នួលទាប បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី ស្មេីភាពគ្នាជាមួយបុរសនិង ការ ងារ សង្គម ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការ បាន ថ្លែង នូវ ការ កោតសរសើរ ចំពោះ យោធិន នារី ទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំ ប្រឹងប្រែង បំពេញ ភារកិច្ច ប្រកបដោយ ស្មារតី ទទួល ខុសត្រូវ ខ្ពស់ និង បាន ចូលរួម ចំណែក យ៉ាង សកម្ម ក្នុង ការ ងារ សង្គម បម្រើ បងប្អូន អតីត យុទ្ធ ជន និង ប្រជាជន នៅ ក្នុងខេត្ត កំពង់ធំ ។ ដោយ ឡែក នៅ ក្នុងឱកាសនេះ ដែរ មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ ក៍បានបញ្ជាក់ផងដែរថា ប្រទេសមួយចំនួននៅលើសកលលោកបច្ចុប្បន្ននេះ មានប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលជាស្រ្តី ដោយឡែក នៅប្រទេសកម្ពុជាយើង ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាល អភិបាលរង រាជធានីខេត្ត មេឃុំ ចៅសង្កាត់ ជាស្រ្តីផងដែរ ។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ស្រ្តី ជាមាតាពិភពលោក មានសមត្ថភាពមិនចាញ់បុរស មិនដូចពាក្យបុរាណពោលថា "ស្ត្រីបង្វិលចង្ក្រានមិនជុំ" នោះទេ ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន សំណូមពរ ដល់ យោធិន នារី គ្រប់ រូប ត្រូវខិតខំ ថែទាំសុខភាព ថែរក្សា ក្រុម គ្រួសារ កូន ចៅ ប្រកបដោយ សុភមង្គល និង ត្រូវ បំពេញ ភារកិច្ច ដែល ថ្នាក់ ដឹកនាំ អង្គភាព បាន ប្រគល់ ជូន ប្រកបដោយ ស្មារតី ទទួល ខុសត្រូវ ខ្ពស់ និង ស្របតាម ច្បាប់ ស្ដី ពី លក្ខន្តិកៈ ទូទៅ របស់ កង យោធពលខេមរភូមិន្ទ ។ ដោយ ឡែក ចំពោះ យោធិន ជាបុរស ក្រៅពី ភារកិច្ច ស្នូល ក្នង ការ ការ ពារ បូណភាព ទឹក ដី ការ ពារ ជាតិ សាសនា និង ព្រះមហាក្សត្រ និងភារកិច្ច ជាក់ស្ដែង ដែល មេបញ្ជាការ អង្គភាព និង ស្ថាប័ន នីមួយៗ បាន ប្រគល់ ជូន ត្រូវ ចូលរួម ក្នុង ការ ថែទាំ ក្រុម គ្រួសារ ប្រកបដោយ សុភមង្គល និង ត្រូវ គោរព សិទ្ធិ នារី ជា រៀងរាល់ ថ្ងៃ មិន មែន តែ មួយ ថ្ងៃ នេះ ទេ ។
នៅក្នុង ឱកាសដ៏ វិសេស វិសាល មនោរម្យ ប្រកបដោយ មនោសញ្ចេតនា នេះ មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ និង មេបញ្ជាការ គ្រប់ បណ្តា កងឯកភាព និង ស្ថាប័ន ចំណុះ បាន ឡេីង ជូន កន្ត្រក ផ្កា ដ៏ ស្រស់ ស្អាត និងវត្ថុ អនុស្សាវរីយ៍ ជូន ដល់ ឧត្តមភរិយា រៀង ខ្លួន ៗ ។ ដោយ ឡែក ចំពោះ យោធិន នារី ទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍បាន ទទួល វត្ថុ អនុស្សាវរីយ៍ មួយ កញ្ចប់ ម្នាក់ ពីមេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ ផងដែរ ៕
ដោយ៖ ស៊ុម វណ្ណា





