កម្មវិធីរត់សប្បុរសធម៌ «រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលារៀនតាមព្រំដែន»
AKPភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦– កម្មវិធីរត់សប្បុរសធម៌ «រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលារៀនតាមព្រំដែន» បានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អ្នកមុខ អ្នកការ កីឡាករ កីឡាការិនី និងសាធារណៈជនប្រមាណជិត ១.០០០ នាក់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីរត់ដើម្បីការអប់រំ និងជួយគាំទ្រសាលារៀនតាមព្រំដែនដែលរៀបចំឡើងក្រោមប្រធានបទ «សាមគ្គីភាព ដើម្បីការអប់រំ» នាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍រត់នេះឡើង។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន សាលារាជធានីភ្នំពេញ យុវជនស្ម័គ្រចិត្ត ដើម្បីការអប់រំ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងសហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ រត់ជាមួយសៃ សហព័ន្ធកីឡាខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងគណៈកម្មការបច្ចេកទេស ដែលបានជួយគាំទ្រ សហការរៀបចំកម្មវិធីរត់ដើម្បីការអប់រំ និងជួយគាំទ្រសាលារៀននៅតាមព្រំដែន ដោយសង្ឃឹមជឿជាក់ថា គ្រប់បណ្តាដៃគូសហការទាំងអស់នឹងបន្តសហការគាំទ្រកាន់តែខ្លាំងបន្ថែមទៀតដើម្បីជួយគាំទ្រ និងស្តារហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅតាមព្រំដែនមកសភាពល្អឡើងវិញ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីបង្ហាញនូវកម្លាំងសាមគ្គីភាព ភាតរភាព និងការរួបរួមគ្នាជាធ្លុងមួយនៃប្រជាជាតិខ្មែរ ក្នុងគោលបំណងគាំទ្រដល់វិស័យអប់រំ ដោយបន្តជួយដល់សាលារៀនដែលស្ថិតនៅតាមតំបន់ព្រំដែន លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៅតាមបន្ទាត់ព្រំដែន និងកៀរគរជំនួយពីសប្បុរសជន ដើម្បីបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា និងសម្ភារសិក្សាចាំបាច់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





