វគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន»
AKPភ្នំពេញថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ – សិក្ខាកាមចំនួន៩៤នាក់ (ស្រី៤២នាក់)បានទទួលការបណ្ដុះបណ្ដាលវគ្គទី១ ស្ដីពី «ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន» ដែលរៀបចំឡើងដោយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានថ្លែងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺជាការអភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាល័យគោលដៅលើផ្នែកទ្រឹស្ដី ការដឹកនាំយន្តការបច្ចេកទេស និងសកម្មភាពការងារនានា ក្នុងដំណើរការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងក្របខណ្ឌគម្រោង STEP-UP សំដៅពង្រឹងសមត្ថភាពពេញលេញដល់ប្រតិបត្តិករនៅតាមសាលារៀន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះថាមានសារៈសំខាន់ ហើយថាលោកគ្រូ អ្នកគ្រូ គឺជាបុគ្គលដ៏សំខាន់ដែលជួយឱ្យកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យ។ ឯកឧត្តមថា វគ្គបណ្ដុះបណ្ដាលរយៈពេល៤ថ្ងៃនេះ គឺជាធាតុចូលថ្មីបន្ថែមទៀត ដើម្បីរួមចំណែកផ្ដល់ការគាំទ្រដល់សិស្សានុសិស្សនៅកម្រិតសាលារៀន តាមរយៈការសម្របសម្រួល និងដឹកនាំកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា កម្មវិធីបន្ថែមក្រៅម៉ោងសិក្សា កម្មវិធីតម្រង់ទិសអាជីព ពិព័រណ៍ស្នាដៃសិស្ស និងការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្រិតសាលារៀន ក្រោមការគាំទ្ររបស់នាយកដ្ឋានជំនាញ និងគម្រោង STEP-UP នាពេលខាងមុខ។ ឯកឧត្តមបានជំរុញសិក្ខាកាមទាំងអស់ឱ្យចូលរួមក្នុងដំណើរការវគ្គមួយនេះឱ្យបានសកម្ម និងប្រឹងប្រែងសិក្សារៀនសូត្រទទួលយកចំណេះដឹងថ្មី ដើម្បីមានលទ្ធភាពកាន់តែប្រសើរក្នុងការគ្រប់គ្រង និងដឹកនាំអនុវត្តសកម្មភាពនេះនៅតាមសាលារៀនរបស់ខ្លួន។

គួររំលឹកផងដែរថា ផ្អែកតាមផែនការប្រតិបត្តិឆ្នាំ២០២៦ របស់គម្រោង STEP-UP នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនឹងត្រូវផ្ដល់ការគាំទ្រដល់ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា និងសកម្មភាពភាពជាដៃគូរវាងរដ្ឋ និងឯកជននៅតាមវិទ្យាល័យគោលដៅចាស់ចំនួន១០០ និងពង្រីកទៅកាន់
វិទ្យាល័យគោលដៅថ្មីរបស់គម្រោងចំនួន១០៥ ភ្ជាប់ជាមួយការផ្សារភ្ជាប់កញ្ចប់ថវិកាហិរញ្ញប្បទានរបស់គម្រោងជូនដល់វិទ្យាល័យគោលដៅចំនួន១២លានរៀលសម្រាប់ ១វិទ្យាល័យ ក្នុង១ឆ្នាំ៕ ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





