រាជរដ្ឋាភិបាលពន្លឿនការសាងសង់ជម្រកសុវត្ថិភាពលើផ្ទៃដី ៤០០ហិកតា ជូនប្រជាពលរដ្ឋភៀសសឹកជាង ៣,០០០គ្រួសារ នៅ ខេត្តបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី៨ខែមីនាឆ្នាំ២០២៦ – ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះព្រំដែន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់ជម្រកបណ្ដោះអាសន្ន ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចធិបតី តែងតែតាមដានជាប់ជាប្រចាំ និងមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនដែលរងផលប៉ះពាល់។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងជម្រកបណ្តោះអាសន្ននេះ គឺជាកិច្ចអន្តរាគមន៍បន្ទាន់ និងចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ដែលបណ្តាលឱ្យបងប្អូនមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។
ក្នុងបេសកកម្មចុះពិនិត្យនេះ ឯកឧត្តមបានផ្តោតលើចំណុចបច្ចេកទេសសំខាន់ៗហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការឈូសឆាយរៀបចំដីឱ្យមានភាពរាបស្មើ សុវត្ថិភាព និងប្រព័ន្ធរំដោះទឹកដើម្បីកុំឱ្យមានការលិចទឹក។ ប្រព័ន្ធទឹក-ភ្លើង ការធានាឱ្យមានការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។ស្តង់ដារជម្រកស្នាក់នៅ ការរៀបចំផ្ទះដែលមានភាពរឹងមាំ អាចការពារកម្តៅថ្ងៃ ភ្លៀង និងខ្យល់កន្ត្រាក់បានយ៉ាងមានប្រសិទ្ធភាព។ "យើងត្រូវធានាថា ប្រជាពលរដ្ឋដែលរងគ្រោះ នឹងមានកន្លែងស្នាក់នៅសមរម្យ មានសុវត្ថិភាព និងទទួលបានការផ្គត់ផ្គង់ស្បៀងអាហារ ក៏ដូចជាសេវាសុខាភិបាលបានទាន់ពេលវេលាបំផុត" នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានថ្លែងនូវការវាយតម្លៃខ្ពស់ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងវិស្វកម្មតេជោ ហ៊ុន សែន-សៀមរាប និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចការសាងសង់ឱ្យបានឆាប់រហ័ស។
តាមផែនការដែលបានកំណត់ ជម្រកបណ្តោះអាសន្ននេះត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ៤០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ៣,០០០គ្រួសារ។
សកម្មភាពនាពេលនេះ មិនត្រឹមតែបង្ហាញពីការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាពជាតិ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងការការពារអធិបតេយ្យភាពជាតិផង និងការគិតគូរពីសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកផងដែរ៕ ដោយ៖ ឈុន សារ៉ាត





