លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងជួរកងរាជអាវុធហត្ថ និងផ្តល់អំណោយសប្បុរសធម៌ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥
AKP បន្ទាយមានជ័យថ្ងៃទី៨ ខែមីនាឆ្នាំ២០២៦ -- ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្លៃរបស់ស្ត្រី និងការដឹងគុណចំពោះវីរភាពនៃយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ កាលពីរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទដ៏មានអត្ថន័យ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅនៅសាលប្រជុំជាន់ទី៣ នៃអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង អាវុធហត្ថនារី ព្រមទាំងគ្រួសារអាវុធហត្ថដែលបានពលី របួស និងពិការ សរុបចំនួន ២៤នាក់។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេសអាវុធហត្ថនារីទាំងអស់។

ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានលំឱនកាយវាចាចិត្ត គោរពដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងអាវុធហត្ថដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិរហូតដល់សព្វថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាវុធហត្ថនារី ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ក្នុងអង្គភាពយ៉ាងខ្ជាប់ខ្ជួន។ លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ រួមមានការគោរពបទបញ្ជា និងការរក្សាកិត្តិយសជាស្ត្រីក្នុងឯកសណ្ឋាន។

ការរួមចំណែកយ៉ាងសកម្មដែលធ្វើឱ្យអង្គភាពសម្រេចបានស្នាដៃធំៗជាបន្តបន្ទាប់។ក្រៅពីភារកិច្ចស្នូល អាវុធហត្ថនារីបានចូលរួមចំណែកយ៉ាងរស់រវើកក្នុងសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសង្គមជាតិ។
"កងរាជអាវុធហត្ថតែងតែផ្តល់តម្លៃ និងលើកទឹកចិត្តដល់បងប្អូននារីជានិច្ច។ យើងផ្តល់ឱកាសក្នុងការកាន់តំណែង និងតួនាទីសំខាន់ៗ ផ្អែកលើសមត្ថភាព បទពិសោធន៍ និងស្នាដៃជាក់ស្តែង ដើម្បីជំរុញសមភាពយេនឌ័រក្នុងជួរកងកម្លាំង"។ នេះជាការបញ្ជាក់បន្ថែមរបស់លោកមេបញ្ជាការ។
ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្ដល់ជូននូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់អ្នកចូលរួមមានគ្រួសារអាវុធហត្ថពលី-ពិការ-របួស (០៦ គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន អង្ករ ៧០គីឡូក្រាម, មី ២កេស, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ត្រីខ ២យួរ និងថវិកាចំនួន ១,០០០,០០០ រៀល។ អាវុធហត្ថនារី (១៩ នាក់) ក្នុងម្នាក់ៗទទួលបាន អង្ករ ៧០គីឡូក្រាម, មី ២កេស, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ត្រីខ ២យួរ និងថវិកាចំនួន ៤០០,០០០ រៀល៕
ដោយ៖ឈុនសារ៉ាត





