មន្ទីរជំនាញ ចុះពិនិត្យគុណភាព និងតម្លៃប្រេងឥន្ធនៈតាមបណ្ដាស្ថានីយ និងដេប៉ូក្នុង ក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ -- ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដែលកំណត់អោយលក់៣ ៨៥០រៀលក្នុងមួយលីត្រ សម្រាប់ សាំងធម្មតា Gasoline 92 និង៣ ៨៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil toppm រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល សហការជាមួយមន្ទីររ៉ែ និងថាមពល សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល បានចុះពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនៅក្នុងក្រុងតាខ្មៅ។

លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានអោយដឹងថា ការចុះត្រួតពិនិត្យនាពេលនេះគឺដើម្បីធ្វើការផ្សព្វផ្សាយដល់ម្ចាស់ស្ថានីយ ដេប៉ូទាំងអស់ ដែលគាត់មានប្រេងឥន្ធនៈសល់ក្នុងស្តុកគឺតម្រូវឲ្យគាត់លក់ក្នុងតម្លៃទៅតាមគោលការណ៍របស់ក្រសួងពាណិជ្ជកម្មបានកំណត់ និងដើម្បីធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅ តាមស្ថានីយ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវ អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រុមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។

លោក ប្រធានមន្ទីរ ក៏បានបន្ថែមទៀតថា ចំពោះស្ថានីយ៍ឬដេប៉ូណាដែលលក់តម្លៃលើសពីការកំណត់របស់ក្រសួង និងមានជាការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់សាំងសូមឲ្យទៅចាក់តាមស្ថានីយ៍ ដេប៉ូណាដែលលក់តាមតម្លៃដែលក្រសួងបានកំណត់អោយ ហើយក្នុងការចុះពិនិត្យសង្កេតឃើញថាក្រុមហ៊ុនដែលធានាផ្គត់ផ្គង់ប្រេងក្នុងស្តុកជានិរន្តគឺមាន៣ក្រុមហ៊ុន ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនតូតាល់ ៕

ដោយ ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





