បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា
AKP ភ្នំពេញថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ដែលពិធីនេះបានរៀបចំធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសចូលរួមពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការនឹករលឹកពីសំណាក់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និលោកជំទាវបណ្ឌិត, ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនដល់យោធិននារីទូទាំងកងទ័ពជើងគោក ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រីលើគ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុង យុទ្ធសាស្ត្រអភិវឌ្ឍនិងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា និង ដែលមានក្រសួង កិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងដឹងគុណចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ជាពិសេសក្នុងអំឡុងពេលជំម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅ។

នៅពេលដែលប្រទេសជាតិជួបគ្រោះអាសន្ន យើងបានឃើញយ៉ាងច្បាស់ថា កម្លាំងការពារជាតិមិន មែនមានតែបុរសនោះទេ គឺបងប្អូនស្ត្រីក៏ជាវីរៈកងទ័ព ដោយបានឈរជើងយ៉ាងរឹងមាំនៅសមរភូមិកាន់អាវុធ ប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន ការពារបូរណភាពទឹកដីប្រកបដោយស្មារតីតស៊ូ និងលះបង់ខ្ពស់បំផុត។
គូសបញ្ជាក់ផងដែរថា ទិវាអន្តរជាតិនារី៨មីនា តែងតែប្រារព្ធជារៀងរាល់ឆ្នាំដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូច បង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ៕

ដោយ៖ សំ សាម៉ន, ប្រភពបញ្ជាការកងទ័ពជើងគោក





