សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ត្រី គឺជាបេះដូងនៃគ្រួសារ ស្ត្រីជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃ ប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ -- «ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ជាមួយស្ត្រីនិងក្មេងស្រីនៅគ្រប់ទីកន្លែង ជាមួយស្ត្រីជាម្តាយ ស្ត្រីជាមេផ្ទះ ស្ត្រីជាអ្នកដឹកនាំ ស្ត្រីជាអាជីវករ ស្ត្រីអ្នកបម្រើការនៅគ្រប់វិស័យ ស្ត្រីនៅជនបទ និងតំបន់ដាច់ស្រយាល ស្ត្រីមានពិការភាព ស្ត្រីជនជាតិដើមភាគតិច ស្ត្រីនៅតាមជំរុំសុវត្ថិភាព ស្ត្រីនិងក្មេងស្រីជា សមាជិកគ្រួសារវីរកងទ័ព។ល។ ស្ត្រី គឺជាបេះដូងនៃគ្រួសារ ស្ត្រីជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃ ប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំប្រកបដោយការយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា»។ នេះជាការលើកឡើងរបស់ សម្តេចធិបតី។

ក្នុងសារលិខិត អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ដែលបង្ហោះតាមបណ្ដាញសង្គម នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា ដើម្បីសម្រេចបាននូវគុណតម្លៃទាំងនេះ យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការ អាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្ត្រីនិងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ និង ប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានអនុវត្ត នូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចសូមស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាព ដូចខាងក្រោម៖
ទី១. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តវិនិយោគលើស្ត្រី និងសមភាពយេនឌ័រនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និងកម្មវិធីតាមវិស័យជាប្រព័ន្ធ និងរួមបញ្ចូលរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ និងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងក្រសួង ស្ថាប័ន និងនៅក្នុង សង្គម ព្រមទាំងការផ្លាស់ប្តូរនិយាមសង្គមដែលរារាំងដល់ការចូលរួមពេញលេញរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍ។
ទី២. ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តរួមគ្នាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាពកម្មវិធីមាតាបិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន ព្រមទាំងពង្រីកវប្បធម៌អហិង្សា ដើម្បីកសាងគ្រួសារ និងសង្គមឱ្យមានភាពសុខដុមរមនា មានសន្តិភាព និងសន្តិសុខពេញលេញ។
ទី៣. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាពសេវាឆ្លើយតប ជាពហុវិស័យជួយជនរងគ្រោះ ការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងការអនុវត្តច្បាប់និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ទី៤. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពង្រីកវិសាលភាពនៃការអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គម ឱ្យដល់ក្រុមជនងាយរងគ្រោះនិងជនបាត់បង់ឱកាសផ្សេងៗនៅក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុងនិង ក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាពមាតានិងទារក ដើម្បីធានាបានលើការសម្រេចនូវការគ្របដណ្តប់ សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។
ទី៥. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ សូមបន្តអនុវត្តវិធានការគោលនយោបាយនិងកម្មវិធីគាំទ្រដល់ សហគ្រិននិងអាជីករជាស្ត្រី ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានបរិយាបន្ន និងរួមគ្នាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍអាជីវកម្ម និងផលិតផលក្នុង ស្រុកដែលដឹកនាំនិងគ្រប់គ្រងដោយស្ត្រី។
ទី៦. ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ស្ត្រី និងក្មេងស្រី ដើម្បីធានាថាសំឡេងស្ត្រីមានឥទ្ធិពលនៅក្នុងដំណើរការកសាង ការពារ និងថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងគ្រួសារ សហគមន៍ នៅតាមវិស័យ និងក្នុងសង្គមជាតិ។
ទី៧. ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធ ត្រូវបន្តរួមគ្នាគាំទ្រជួយក្រុមជនងាយរងគ្រោះ និងកសាងភាពធន់របស់ស្ត្រីនិងក្មេងស្រី ឆ្លើយតបនឹងការវិវត្តថ្មីៗ ដូចជាការប្រែប្រួលអាកាសធាតុ និងវិបត្តិនានានៅក្នុងសង្គម។
ដើម្បីឈានទៅសម្រេចបាននូវកិច្ចការអាទិភាពខាងលើប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យមានការចូលរួម ទាំងអស់គ្នាក្នុងការប្រកាន់យកទស្សនៈនិងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្ត្រី ដែលជា ចលករដ៏សំខាន់រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយ ចីរភាព។ ក្នុងន័យនេះ សម្ដេចសូមអំពាវនាវដល់ប្រជាជនគ្រប់រូបនិងក្រុមគ្រួសារ សូមចូលរួមនិងបន្តចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្កកាលានុវត្តភាពឱ្យស្ត្រីនិងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ក្នុងការកសាងនិងថែរក្សា សន្តិភាព និងសន្តិសុខក្នុងសង្គម ព្រមទាំងទទួលបានភាគផលពីកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ នៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់ជំនាន់តទៅមុខទៀត៕
ដោយ៖ គង់ សិរីរ័ត្ន





