កិច្ចប្រជុំផ្សព្វផ្សាយសកម្មភាពអាទិភាពក្នុងផែនការជាតិដើម្បីរួមចំណែកឆ្លើយតបនឹងកាប្រែប្រួលអាកាសធាតុនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦-- នៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញដឹកនាំកម្មវិធីផ្សព្វផ្សាយសកម្មភាពអាទិភាពរបស់ក្រសួង ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0)» ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាន និងតំណាងនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ។

ឯកឧត្តម សុខ ប៊ុនថា បានលើកឡើងថា ផែនការជាតិបានរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍របស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ។

គោលបំណងសំខាន់នៃកម្មវិធីកិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្សព្វផ្សាយសកម្មភាពអាទិភាពរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលទទួលបានការឯកភាពដាក់បញ្ចូលនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជូនដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង បានជ្រាបជាព័ត៌មាននឹងអាចបង្កើតជាគម្រោង ឬផែនការនានាដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





