ខេមរសហព័ន្ធតេក្វាន់ដូ ត្រៀមផលិតធនធាន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាចុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦--ខេមរសហព័ន្ធតេក្វាន់ដូបានត្រៀមផលិតធនធានកីឡាករ កីឡាការិនីឆ្នើមៗ នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

មន្ត្រីគណៈកម្មាធិការជំនាញនៃខេមរសហព័ន្ធតេក្វាន់ដូWT បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះមាន២៥វិញ្ញាសា រួមមានវិញ្ញាសាមេគុនកុមារា-កុមារី មាន៦ ១២-១៤ឆ្នាំ រីឯវិញ្ញាសាប្រយុទ្ធកុមារា និងកុមារី មាន៣ប្រភេទទម្ងន់ដូចៗគ្នា។ សម្រាប់វិញ្ញាសាយុវជន-យុវតីមាន៨វិញ្ញាសា ចាប់ពីអាយុ១៥-១៧ឆ្នាំ ចំពោះវិញ្ញាសាប្រយុទ្ធ មាន៣ប្រភេទទម្ងន់ ព្រមទាំងមេគុនយុវជន-យុវតី។ ដោយឡែកវិញ្ញាសាឈុតធំមាន ៩វិញ្ញាសា ចាប់ពី១៨-៣០ឆ្នាំ មានវិញ្ញាសាប្រយុទ្ធបុរស-នារី មាន៣ប្រភេទទម្ងន់ដែរ ព្រមទាំងមានវិញ្ញាសាមេគុនបុរស-នារី ខណៈវិញ្ញាសាមេគុន Freestyle មាន ២វិញ្ញាសា ១៥-៣០ឆ្នាំ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺកីឡាករ កីឡាការិនីមានសិទ្ធិចូលរួមប្រកួតបានម្នាក់ ក្នុង១វិញ្ញាសា ខណៈវិញ្ញាសាមេគុនក្នុង១នាក់ ចុះឈ្មោះប្រកួតបាន ២វិញ្ញាសា។ ចំពោះការស្នាក់នៅ ការហូបចុក ការធ្វើដំណើរទៅមក និងការចំណាយផ្សេងៗ ជាបន្ទុករបស់សាមីខ្លួន ក្នុងបណ្តាក្លឹបចូលរួម៕


ដោយ ហេង ណាលីន





