ពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១៤ ឆ្នាំ២០២៦
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦-- មន្ទីរពាណិជ្ជកម្មខេត្តបានរៀបចំសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺលើកទី១៤ ឆ្នាំ២០២៦ ក្រោមមូលបទ ជំរុញ គាំទ្រទីផ្សារផលិតផលក្នុងស្រុក នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ិន ឃុន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺតំណាង ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ព្រមទាំងមន្ទីរពាក់ព័ន្ធ និងបានអំពាវនាវដល់សាធារណជនឱ្យចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនកុះករ ដើម្បីសេដ្ឋកិច្ចជាតិយើងទាំងអស់គ្នា។ នេះជាឱកាសមាសសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការមកទស្សនា និងគាំទ្រស្នាដៃកូនខ្មែរយើង។

ឯកឧត្តមបានបន្តទៀតថា នេះជាឱកាសដើម្បីបង្កើតការងារផ្លាស់ប្តូរបទពិសោធន៍នៃបរិយាកាសអាជីវកម្ម ភាពជាដៃគូអភិវឌ្ឍន៍ផ្នែកកសិ-ពាណិជ្ជកម្ម ឱ្យមានការីកចម្រើន ទៅមុខ ជាពិសេសផ្តល់ឱកាស ដល់សហគមន៍ដែលមាននៅក្នុងនិងក្រៅខេត្ត ប្រកបរបរកសិកម្ម សិប្បកម្មកែច្នៃ ក្រុមអ្នកធ្វើអាជីវកម្ម និងភាគីអ្នកពាក់ព័ន្ធបានពង្រឹង និងពង្រីកទីផ្សារផលិផល ហើយក៏ជាការជំរុញការប្រើ ប្រាស់ផលិតផលខ្មែរក្នុងក្របខ័ណ្ឌក្នុងស្រុក និងក្រៅស្រុកឱ្យកាន់តែទូលំទូលាយ។ ពិព័រណ៍ពាណិជ្ជកម្មលើកទី១៤នេះគឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃសហគ្រាសក្នុងស្រុក និងជាការដាស់ស្មារតីឱ្យពលរដ្ឋខ្មែរឱ្យតម្លៃលើគុណភាពផលិតផលជាតិ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករជួយឱ្យសហគមន៍អាជីវកម្មក្នុងខេត្តកំពង់ស្ពឺ កាន់តែមានភាពរឹងមាំ និងមានភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តមអភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មលើកទី១៤ ឆ្នាំ២០២៦ នេះ មានលក្ខណៈពិសេស និងធំជាងឆ្នាំមុនៗ ដោយមានការចូលរួមដាក់តាំងបង្ហាញផលិតផលមកពីបណ្តា រាជធានី-ខេត្ត ទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរ មានស្ដង់សរុបចំនួន ១៣២ ស្ដង់ ដែលបាននាំយកនូវផលិតផលចម្រុះមុខ ចាប់ពីកសិផលស្រស់ៗ ផលិតផលកែច្នៃ សិប្បកម្ម រហូតដល់សម្ភារប្រើប្រាស់ជាច្រើនទៀត ដែលជាសក្ខីភាពបង្ហាញពីភាពសម្បូរបែបនៃផលិតផលខ្មែរមកពីគ្រប់ទិសទីផងដែរ៕

ដោយ លឹម សាន្ត





