មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ជើងឯកថ្នាក់ជាតិកីឡាវូស៊ូពិតជាសំខាន់សម្រាប់កីឡាករ-កីឡាការិនីអភិវឌ្ឍ និងបង្កើនសមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦--ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកពិតជាមានសារៈសំខាន់ណាស់ សម្រាប់កីឡាករ កីឡាការិនីបន្តការអភិវឌ្ឍជំនាញ និងបង្កើនគុណភាពបច្ចេកទេសរបស់ខ្លួន។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់បន្ថែមថា ក្រសួងតែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផ្នែករដ្ឋបាល ផ្នែកសកម្មភាពនៃការប្រកួត និងផ្នែកសកម្មភាព នៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តាមសហព័ន្ធកីឡាជាតិទាំងអស់ ដែលក្រសួងបានផ្តល់ថវិកាគាំទ្រដើម្បីជួយពន្លឿនការអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ សម្រាប់មនុស្សគ្រប់វ័យឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយឱ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម។ នៅពេលប្រជាពលរដ្ឋក្នុងប្រទេសមួយមានសុខភាពល្អ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមិនចាំបាច់ចំណាយថវិកាច្រើន ទៅលើសេវាព្យាបាលជំងឺ។

ជាមួយគ្នានេះ ឯកឧត្តម កែ ប៊ុនខៀង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជា ក្នុងដំណើរការអភិវឌ្ឍជំនាញកីឡារបស់ខ្លួន ជាពិសេសកីឡាករ កីឡាការិនីមកពីបណ្តាសមាគម-ក្លឹបនានាប្រែងប្រកួតអស់ពីសមត្ថភាព នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះប្រកបដោយគុណភាព ក៏ដូចជាបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីតាមវិញ្ញាសានីមួយៗ។
ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាលើកឡើងដែរថា ឧកញ៉ានឹងរៀបចំរៀបចំផែនការរយៈពេលខ្លី និងវែងមាន៣ឆ្នាំ ដើម្បីបន្តការយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើនចំនួនកីឡាការ កីឡាការិនី មន្ត្រីបច្ចេកទេស ពិសេសត្រៀមចូលរួមប្រកួតអន្តរជាតិយកមេដាយជូនជាតិ និងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយឱ្យជៀសផុតពីភាពអសកម្មផ្សេង ៗក្នុងសង្គម។

ជាមួយគ្នានេះ លោកស្រី ម៉ៅ មុយចាន់នីដា អគ្គលេខាធិការរង សហព័ន្ធកីឡាវូស៊ូកម្ពុជាបានឱ្យដឹងថា ជើងឯកថ្នាក់ជាតិនេះបានដំណើរការពីថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន១៦សមាគម-ក្លឹបចូលរួម និងប្រកួតលើវិញ្ញាសាសម្តែងឯកត្តជន (បុរស ៧វិញ្ញាសា នារី១១វិញ្ញាសា) វិញ្ញាសាប្រយុទ្ធមាន ៧ប្រភេទទម្ងន់ (បុរសនារី-កុមារា) និងវិញ្ញាសាសម្តែងជាក្រុមផ្នែកបុរស ១វិញ្ញាសា។ ឆ្លងកាត់ការប្រកួតនេះ កីឡាករ កីឡាការិនីឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រកួតប្រជែងអស់ពីសមត្ថភាព បច្ចេកទេស ប្រកបដោយស្មារតីសាមគ្គីភាព ព្រមទាំងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេស និងលេងដោយយុត្តិធម៌។

គួរបញ្ជាក់ថា សមាគមកីឡាក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ជាមួយនឹងមេដាយសរុប១២គ្រឿង (មាស៥ ប្រាក់៥ និងសំរឹទ្ធ២) ខណៈក្លឹបចំនួន១៥ផ្សេងទៀតក៏ដណ្តើមបានមេដាយមាស៣គ្រឿងដូចៗគ្នា និងមេដាយប្រាក់-សំរឹទ្ធមួយចំនួនទៀតដែរ និងឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់៕
ដោយ ហេង ណាលីន





