ជើងឯកថ្នាក់ជាតិប្រដាល់គុនខ្មែរផ្តោតសំខាន់លើការផលិតធនធាន កីឡាករ កីឡាការិនីវ័យក្មេងពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦--សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ពីថ្ងៃទី០២-០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសួនច្បារទីក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្តោតសំខាន់លើការផលិតធនធានឆ្នើមៗលើកីឡាករ កីឡាការិនីវ័យក្មេង ចន្លោះអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំលើប្រភេទទម្ងន់សរុបចំនួន១៧។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធគ្រោងដាក់វិញ្ញាសាសរុប១៧ប្រភេទទម្ងន់ ដោយចែកចេញជា៤កម្រិតប្រភេទអាយុ ដែលមានដូចជា វិញ្ញាសាកីឡាករ១២ឆ្នាំ ដល់អាយុក្រោម១៦ឆ្នាំ មាន៥ប្រភេទទម្ងន់ ពី៣៤គ.ក្រ ដល់ ៤៨គ.ក្រ។ វិញ្ញាសាកីឡាករ អាយុ១៦ឆ្នាំដល់អាយុក្រោម ១៨ឆ្នាំ មាន៤ប្រភេទទម្ងន់ ពីទម្ងន់ ៥១ គ.ក្រ ដល់៦០គ.ក្រ។ វិញ្ញាសាកីឡាការិនី អាយុ១២ឆ្នាំដល់ ក្រោម១៦ឆ្នាំ មាន៤ប្រភេទទម្ងន់ ពី៤០គ.ក្រ ដល់ ៤៨គ.ក្រ ខណៈវិញ្ញាសាកីឡាការិនី អាយុ១៦ឆ្នាំដល់ អាយុក្រោម ១៨ឆ្នាំ មាន៤ប្រភេទទម្ងន់ ពី៤៥គ.ក្រ ដល់ ៥៤គ.ក្រ។

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រើប្រាស់កញ្ចប់ថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងពន្លឿនផែនការភិវឌ្ឍន៍ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីដែលមានសមត្ថភាពចូលរួមប្រកួតអន្តរជាតិនានា នាពេលខាងមុខ។

ជាមួយគ្នានេះ សហព័ន្ធកីឡាគុនខ្មែរក៏បានអំពាវនាវដល់អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរសូមចូលរួមគ្រាំទ្រឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាព្រលឹងអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែមានភាពផុសផុល និងកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីបន្តបេសកកម្មពង្រីកការអភិវឌ្ឍ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕

ដោយ ហេង ណាលីន (រូបភាព៖ ឯកសារ)





