ដោយឆ្នាំ២០២៦ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា -ឡាវ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦---
ដោយឆ្នាំ២០២៦ នេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា -ឡាវ។នេះបើយោងតាមខ្លឹមសារស្តីពីជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បាន បញ្ចប់បេសកកម្មការទូតនៅកម្ពុជាដោយជោគជ័យ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង សរសើរដល់ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំ កម្ពុជា ដែលក្នុងអណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ ខ្ពស់ទៅវិញទៅមកជាញឹកញាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ព្រមទាំងមានកិត្តិយស និងមោទនភាពដែលបានមក បំពេញការងារការទូតនៅកម្ពុជារយៈពេល៤ឆ្នាំមកនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីពីភាពជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២៦ ដោយបានអនុម័តកម្មវិធីនយោបាយបក្ស និងផែនការសេដ្ឋកិច្ច រយៈពេល៥ឆ្នាំរបស់ស.ប.ប.ឡាវ។
ដោយឆ្នាំ២០២៦ នេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និង ដើម្បីអបអរខួបនេះ ប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសឡាវ។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធកម្ពុជានានា ដែលបានផ្តល់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់ឯកឧត្តម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូតជោគជ័យក្នុងការបំពេញភារកិច្ចថ្មី និងបានបញ្ជាក់នូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូតឡាវថ្មី ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត៕
ដោយ៖ ប៊ុនរិទ្ធ





