អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបង្ហាញពីការធ្វើទំនើបកម្មក្នុងឆ្នាំ២០២៦ជាមួយនឹងលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ – អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ "ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី" បានបញ្ជាក់ពីការធ្វើទំនើបកម្ម ជាមួយនឹងការពង្រឹងគុណភាពផលិតព័ត៌មាន ក្នុងឆ្នាំ២០២៦ខាងមុខនេះ និងព្រមជាមួយគ្នាក៏បានបង្ហាញពីភាពជោគជ័យជាច្រើនតាមរយៈកិច្ចខិតខំប្រឹងប្រែងនាឆ្នាំ២០២៥កន្លងមក។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញឱ្យដឹងថា៖ក្នុងទិសដៅការងារខាងមុខនេះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាមានទិសដៅជាអាទិភាពបន្ថែមទៀតក្នុងការផលិតព័ត៌មានឱ្យកាន់តែមានគុណភាព ការបង្កើនចំណេះដឹងនិងជំនាញឌីជីថលក្នុងវិស័យព័ត៌មាន,ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និង អន្តរជាតិជាដើម។

ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផលិតព័ត៌មានក្នុងឆ្នាំថ្មីនេះដែរ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក៏បានលើកឡើងពីការទទួលបានជោគជ័យការងារក្នុងឆ្នាំកន្លងមកក្នុងនេះដូចជា ការធ្វើទំនើបកម្មស្ថាប័ន,ការផលិត និងផ្សព្វផ្សាយព័ត៌មាន ,ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ,បញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ,ការផលិតព័ត៌មានភាសាអង់គ្លេសជាដើម៕

ដោយ៖មករា





