ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥-- ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤របស់ខ្លួន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានរបៀបវារៈសំខាន់ៗជាច្រើន ត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងអនុម័ត ដើម្បីជំរុញការអភិវឌ្ឍ និងពង្រឹងកិច្ចការរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងសកម្មពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ នេះ អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងសម្រេចអនុម័តលើសេចក្តីកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ សេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ។ សេចក្តីព្រាងផែនការលទ្ធកម្ម ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ សេចក្តីព្រាងផែនការប្រើប្រាស់ដីខេត្តបន្ទាយមានជ័យ រួមមានប្លង់គោលប្រើប្រាស់ដីក្រុងប៉ោយប៉ែត ប្លង់គោលប្រើប្រាស់ដីក្រុងសិរីសោភ័ណ។សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត។

សេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។ សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ និងថវិកាពង្រឹងយន្តការរដ្ឋបាល។

ក្នុងឱកាសដ៏មានសារសំខាន់នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដ៏មានតម្លៃ ដោយបានគូសបញ្ជាក់អំពីការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបានជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ខិតខំអនុវត្តផែនការ និងកម្មវិធីវិនិយោគ ដែលបានអនុម័តឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្ត។

យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី តាមរយៈប្លង់គោលដែលបានអនុម័ត ជាពិសេសក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ បន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព និងតម្លាភាព។ ត្រៀមលក្ខណៈរៀបចំផែនការការងារបន្ត សម្រាប់ឆ្នាំ២០២៦ ឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ខេត្ត៕
ដោយ ឈុន សារ៉ាត





