ពិធីបញ្ចុះបឋមសិលានៃគម្រោង TIME SQUARE 10 GROUND BREAKING CEREMONY OF TIME SQUARE 10 ខុនដូ TIME SQUARE 10
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥-- លោក យូសុះ សូឡៃម៉ាន អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាសាងសង់នៃគម្រោង TIME SQUARE 10 GROUND BREAKING CEREMONY OF TIME SQUARE 10 ខុនដូ TIME SQUARE 10 នៅឆ្នេរអូត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រធានក្រុមហ៊ុន។

ក្នុងឱកាសនោះលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការបើកការដ្ឋានបញ្ចុះបឋមសិលានៃគម្រោង TIME SQUARE 10 GROUND BREAKING CEREMONY OF TIME SQUARE 10 ខុនដូ TIME SQUARE 10 នៅលើទឹកដីខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ នាពេលនេះសបង្ហាញពីការជឿជាក់របស់វិនិយោគិនមកលើរាជរដ្ឋាភិបាល និងចូលរួមអបអរសាទរដោយស្មោះចំពោះពិធីបញ្ចុះបឋមសិលាគម្រោងសាងសង់ខុនដូ TIME SQUARE 10 ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបតាមការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ដែលបានផ្តល់នូវអត្ថប្រយោជន៍ពិសេសសំខាន់ៗដល់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុធ្វើឱ្យមានការកើនឡើងគួរឱ្យកត់សម្តាល់លើវិស័យវិនិយោគ។ ខ្ញុំសូមជូនពរ TIME SQUARE 10 ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន។

ពិធីបញ្ចុះបឋមសិលានាពេលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអចលទ្រព្យ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាង មូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយនានា ដើម្បីបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល មធ្យម និងរយៈពេលវែងរបស់កម្ពុជាស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព ភាពប្រកួតប្រជែងបើកចំហ បរិយាបន្ន និងចីរភាព ដោយរដ្ឋប្រកាន់យកតួនាទីជាយុទ្ធសាស្ត្រវិទូ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងការអភិវឌ្ឍ ជាអ្នកការពារកម្មសិទ្ធិ និងទ្រព្យសម្បត្តិឯកជន និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន។ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងការអភិវឌ្ឍ រដ្ឋប្រកាន់យកនូវការបើកចំហឆ្ពោះទៅខាងក្រៅដោយពង្រឹង និងពង្រីកក្របខ័ណ្ឌពាណិជ្ជ កម្មសេរីទាំងទ្វេភាគី និងពហុភាគី ដោយសូមស្វាគមន៍វិនិយោគិនគ្រប់ជាតិសាសន៍ទាំងអស់ក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។

លោក ភឿន សុធឿន ប្រធានផ្នែកវិស្វករនៅការដ្ឋានសាងសង់ បានបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំបញ្ចុះបឋមសិលាសាងសង់គម្រោង TIME SQUARE ទី10 ដែលបានសង់នៅខេត្តព្រះសីហនុ ចំពោះ TIME SQUARE ទី១ ដល់ទី៨ យើងបានសាងសង់នៅរាជធានីភ្នំពេញ នៅលើផ្ទៃដី ១១១ ៧០០ការ៉េ ដែលមាន៣៧ជាន់ ដោយសារខេត្តព្រះសីហនុមានសក្តានុពលលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលមានសមុទ្រទេសភាពស្រស់ស្អាតល្អ ឯកឧត្តម គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ព្រោះតំបន់នេះមានសក្តានុពលផ្នែកទេសចរណ៍ដែលអគាររបស់យើងបែមុខទៅសមុទ្រ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយគម្រោងនេះអាចនឹងត្រូវបញ្ចប់រយពេលពី៣ ទៅ៤ឆ្នាំខាងមុខ៕
ដោយ ងូ សុមុនី





