ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ នៅស្រុកសាមគ្គីមុនីជ័យ
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥-- ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហន ភក្តី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋសរុប២៦០នាក់ ដើម្បីជំរុញការអភិវឌ្ឍតាមមូលដ្ឋាន និងដោះស្រាយទុក្ខកង្វល់របស់ប្រជាជន។

ឯកឧត្តម យឹម សុខុម បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលដៅស្នូលគឺផ្សព្វផ្សាយ ព័ត៌មាន និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត បើកទូលាយ ឱកាសឱ្យប្រជាពលរដ្ឋចូលរួមពិគ្រោះយោបល់ និងផ្តល់សំណូមពរដោយផ្ទាល់ ស្វែងយល់ អំពីទុក្ខកង្វល់ និងបញ្ហាប្រឈមជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងមូលដ្ឋាន។

អង្គវេទិកាទទួលបានសំណូមពរ និងបញ្ហាគន្លឹះដែលបានលើកឡើងរបស់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានដើម្បីស្នើសុំ និងលើកឡើងនូវបញ្ហាជាអាទិភាពដូចជា៖ សំណូមពរជួយកសាងអាគាររដ្ឋបាលសាលាស្រុក ដើម្បីងាយស្រួលក្នុងការបម្រើប្រជាពលរដ្ឋមកទទួលសេវាឱ្យបានល្អ សំណូមពរជួយកសាងផ្លូវ បច្ចុប្បន្នមានការខូចខាត ពិបាកក្នុងការធ្វើដំណើរ សំណូមពរជួយកសាងសាលារៀនដើម្បីជាថ្នាបណ្ដុះបណ្ដាលដល់កូនៗជំនាន់ក្រោយ។ បញ្ហាប្រឈម ប្រជាពលរដ្ឋមានការលំបាកក្នុងការកែសំបុត្រកំណើតអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ បញ្ហាគ្រឿងញៀន ក្មេងទំនើង ផ្សារក្រាំងចេកមិនមានសណ្ដាប់ធ្នាប់ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាដើម។

រាល់សំណូមពរ និងបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋត្រូវបានអង្គវេទិកាដោះស្រាយ និងបញ្ហាដែលនៅសេសសល់អង្គវេទិកាទទួលយកធ្វើរបាយការណ៍ជូនឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចបញ្ជូនបន្តទៅលើបន្តទៀត៕
ដោយ លឹម សាន្ត





