ប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅស្នើឱ្យអាជ្ញាធរជួយធ្វើផ្លូវ ប្រពន្ធ័លូមេ និងពន្លឿនធ្វើបណ្ណកម្មសិទ្ធដីធ្លី ខណៈបញ្ហាសំរាម សន្ដិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥-- នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាច្រើនបានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងការស្នើសុំធ្វើផ្លូវ និងប្រព័ន្ធលូមេ និងជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ខណៈ បញ្ហាសំរាម សន្ដិសុខសុវត្ថិភាពសាធារណៈ បានល្អប្រសើរហើយ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានស្នើសុំស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រីនៅសង្កាត់ពញាពន់ ពន្សាំង កប់ស្រូវ និងសង្កាត់សំរោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនេះ ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញបាន ជំរុញឱ្យមន្ត្រីជំនាញចុះដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសុរិយោដីត្រូវរិះរកមធ្យោបាយដោះស្រាយបញ្ហាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿននៅក្នុងខណ្ឌ ហើយបង្ខិតសេវាឱ្យកាន់តែកៀក កាត់បន្ថយភាពស្មុគស្មាញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិនេះ និងមិនលើកបញ្ហានេះនៅវេទិកាលើកក្រោយទៀតឡើយ។ ខណៈការវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅនេះ បានរួចរាល់ព្រមទាំងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានមួយភាគធំរួចហើយដែរ។

ជាមួយគ្នានេះចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើផ្លូវ ធ្វើលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី តំណាងមន្ទីរសាធារណ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាង ពីការត្រៀមបញ្ជូនមន្ត្រីជំនាញចុះទៅសិក្សាលម្អិតនៅសប្តាហ៍ក្រោយនេះ រួមទាំងការធ្វើរបាយការណ៍បញ្ជូនទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។

សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្នុងខណ្ឌព្រែកព្នៅ គឺមានប្រជាពលរដ្ឋបានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន៧នាក់ស្មើនឹង១៤បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន៣៩សំណើ៕
ដោយ សួស សំរិត





