ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា កូកា-កូឡា កម្ពុជា ត្រូវបានទទួលស្គាល់ និងបញ្ជាក់ថា ជា«កន្លែងធ្វើការដ៏ល្អបំផុតមួយ»
AKP ភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ -- ក្នុងរយៈពេល៣ឆ្នាំ ជាប់ៗគ្នា កូកា-កូឡា កម្ពុជា ត្រូវបានគេទទួលស្គាល់ថាជា «កន្លែងធ្វើការដ៏ល្អបំផុត» (Great Place to Work®) ដែលនេះជាឆ្នាំទី ៣ ជាប់គ្នាហើយ ដែលក្រុមហ៊ុនទទួលបានការបញ្ជាក់នេះ។ ការទទួលស្គាល់នេះ មានសុពលភាពពីខែតុលា ឆ្នាំ២០២៥ ដល់ ខែតុលា ឆ្នាំ២០២៦ ហើយវាបង្ហាញថា ក្រុមហ៊ុនមានវប្បធម៌ការងារល្អ និងយកចិត្តទុកដាក់លើបុគ្គលិករបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបញ្ជាក់ថា៖ «នេះជាសមិទ្ធផលដ៏ធំមួយ ក្នុងប្រវត្តិសាស្ត្រ ៣៣ ឆ្នាំរបស់យើង ដែលបានផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ លទ្ធផលល្អដែលទទួលបាននេះ ក៏ដោយសារបុគ្គលិករបស់យើងគ្រប់ៗគ្នា»។

លោកបានបន្តថា៖ «ការទទួលស្គាល់នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតបរិយាកាសការងារដែលផ្ដល់តម្លៃដល់បុគ្គលិកជាចម្បង មានការបើកចំហ និងផ្តល់សិទ្ធិអំណាច។ យើងនឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងនេះទៅមុខទៀត»។

សូមបញ្ជាក់ថា សម្រាប់ ៣ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ និងបញ្ជាក់ថា ជា «កន្លែងធ្វើការដ៏បំផុតមួយ - Great Place to Work®» សម្រាប់ឆ្នាំ២០២៥-២០២៦។ ដូចនេះ វាជាការទទួលស្គាល់កម្រិតអន្តរជាតិឆ្នាំទី៣ ហើយ។ លទ្ធផលស្ទង់មតិបុគ្គលិក៖ ការស្ទង់មតិឯករាជ្យមានការចូលរួមពីបុគ្គលិក ៩៥% ហើយមតិពួកគេភាគច្រើនយល់ស្របថា កន្លែងធ្វើការងារនៅក្រុមហ៊ុននេះបានជម្រុញពួគគេអោយមានការអភិវឌ្ឍសមត្ថភាព មានការទទួលស្គាល់ ការលើកទឹកចិត្ត សុខសុវត្ថិភាពការងារ ឱកាសរៀនសូត្របន្ថែម និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌។ គុណតម្លៃស្នូល និងវប្បធម៌៖ វិញ្ញាបនបត្រនេះឆ្លុះបញ្ចាំងពី «ស្មារតីតោស្រេកឃ្លាន - Hungry Lions Spirit» របស់ក្រុមហ៊ុន ដែលមានវប្បធម៌សង្កត់ធ្ងន់លើការធ្វើការងារដែលមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើវិន័យ និងការធ្វើការជាក្រុម។

ក្នុងឱកាសនោះ ដើម្បីអបអរភាពជោគជ័យនេះ លោក Paulo Gaspar Rodrigues បានបញ្ជាក់បន្ថែមថា៖ «បុគ្គលិកទូទាំងក្រុមហ៊ុនបានជួបជុំគ្នា ពួកគេបានសន្យាជាថ្មីថានឹងបន្តលើកកម្ពស់បរិយាកាសការងារដែលល្អ និងបើកចំហ។ ទន្ទឹមនេះ ពួកគេក៏នឹងបន្តជំរុញកំណើន និងបង្កើតឱកាសល្អៗសម្រាប់បុគ្គលិក និងសហគមន៍ផងដែរ»៕

ដោយ៖ រិទ្ធី





