ការវាយប្រហារតាមអាកាសថ្មីស្ថិតនៅក្នុងប្រទេសលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អង្គភាពឆ្មាំសមុទ្រនៅទីក្រុងហ្ស៊ូវ៉ារ៉ា ភាគខាងលិចប្រទេសលីប៊ី មានចម្ងាយ ១២០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងទ្រីប៉ូលីបានប្រកាសកាលពីថ្ងៃអង្គារថា កំពង់ផែនេសាទហ្ស៊ូវ៉ារ៉ា និងតំបន់អាប៊ូ កាមម៉ាស់ (Abu Kammash) ត្រូវបានវាយប្រហារតាមអាកាសថ្មីមួយកាលពីល្ងាចថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អង្គភាពនេះបាននិយាយថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅទីតាំងនានានៅក្នុងកំពង់ផែ និងតំបន់ឆ្នេរសមុទ្រក្បែរនោះដោយសេចក្តីថ្លែងការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ការវិវឌ្ឍនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងការពារជាតិនៃរដ្ឋាភិបាលឯកភាពជាតិបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងដែលត្រូវបានចោទប្រកាន់ថាត្រូវបានប្រើសម្រាប់ «សកម្មភាពរត់ពន្ធ» នៅភាគពាយ័ព្យប្រទេសលីប៊ី រួមទាំងកំពង់ផែនៅទីក្រុងហ្ស៊ូវ៉ារ៉ាផងដែរ។
កំពង់ផែហ្ស៊ូវ៉ារ៉ា គឺជាទីតាំងនៃកំពង់ផែនេសាទសកម្មបំផុតមួយរបស់ប្រទេសលីប៊ី ដែលជារឿយៗត្រូវបានចោទប្រកាន់ដោយអាជ្ញាធរនៅទីក្រុងទ្រីប៉ូលីថាត្រូវបានប្រើប្រាស់សម្រាប់ប្រេងឥន្ធនៈ និងការរត់ពន្ធមនុស្ស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





