វិមានក្រឹមឡាំង៖ លោក ពូទីន មិនបានផ្តល់ការណែនាំណាមួយសម្រាប់ការត្រៀមខ្លួនសាកល្បងនុយក្លេអ៊ែរទេ
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មាន VGTRK លោក ប៉ាវែល ហ្សារូប៊ីន (Pavel Zarubin) ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មិនបានផ្តល់ការណែនាំណាមួយដើម្បីចាប់ផ្តើមការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនោះទេ។
មន្ត្រីវិមានក្រឹមឡាំងរូបនេះបានបន្ថែមថា លើសពីនេះទៀត ចាំបាច់ត្រូវស្វែងយល់ពីភាពជាក់ស្តែងរបស់ពួកគេ ហើយអ្នកឯកទេសនឹងស្រាវជ្រាវអំពីបញ្ហានេះ។
លោក ប៉េសកូវ បាននិយាយថា «លោកប្រធានាធិបតីមិនបានផ្តល់ការណែនាំណាមួយដើម្បីចាប់ផ្តើមការរៀបចំនោះទេ។ ជាដំបូង យើងត្រូវតែយល់ថា តើយើងគួរធ្វើវាឬអត់។ នេះត្រូវតែជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរ មានមូលដ្ឋានល្អ និងគិតគូរយ៉ាងល្អិតល្អន់។ ដូច្នេះ អ្នកឯកទេសរបស់យើងនឹងធ្វើការទៅលើរឿងនោះ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





