ឥណ្ឌូណេស៊ីពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក មូហៃមីន អ៊ីស្កាន់ដារ (Muhaimin Iskandar) រដ្ឋមន្ត្រីក្រសួងសម្របសម្រួលឥណ្ឌូណេស៊ីសម្រាប់ការផ្តល់អំណាចដល់សហគមន៍ បានប្រកាសពីកម្មវិធីថ្មីៗដើម្បីបណ្តុះបណ្តាល និងផ្តល់ដីធ្លីដល់គ្រួសារដែលក្រីក្រខ្លាំង ដោយមានគោលបំណងលុបបំបាត់ភាពក្រីក្រខ្លាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅត្រឹមឆ្នាំ២០២៦។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានអនុម័តកម្មវិធីបណ្តុះបណ្តាលរយៈពេលបួនខែសម្រាប់មេគ្រួសារក្រីក្រខ្លាំង ដោយជួយពួកគេឱ្យរៀនធ្វើការងារជាអ្នកយាមសន្តិសុខ កម្មករកសិកម្ម ឬកម្មករសម្អាត។ បន្ទាប់ពីការបណ្តុះបណ្តាល ពួកគេនឹងត្រូវបានជួលដោយផ្ទាល់ដោយអ្នកផ្តល់ការងារ។
បន្ថែមពីលើការបណ្តុះបណ្តាលការងារនោះ រដ្ឋាភិបាលមានគម្រោងបែងចែកដីធ្លីពីកម្មវិធីកែទម្រង់កសិកម្មដល់គ្រួសារក្រីក្រខ្លាំង ជាពិសេសនៅក្នុងវិស័យកសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់អំណាចដល់គ្រួសារនានាក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយផលិតភាព និងសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯង។
លោក អ៊ីស្កាន់ដារ បានបន្ថែមថា ដីរាប់លានហិកតាដែលរដ្ឋបានរឹបអូសនឹងត្រូវបានផ្តល់អាទិភាពសម្រាប់គ្រួសារក្រីក្រខ្លាំងក្នុងវិស័យកសិកម្ម។
លោកបានពិពណ៌នាអំពីកម្មវិធីទាំងនេះថា ជាភស្តុតាងនៃការផ្លាស់ប្តូរគំរូក្នុងការកាត់បន្ថយភាពក្រីក្រក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ហើយបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតីចំពោះគំនិតផ្តួចផ្តើមពង្រឹងសហគមន៍។
ការិយាល័យស្ថិតិឥណ្ឌូណេស៊ី (BPS) រាយការណ៍ថា ប្រជាជនចំនួន ២,៣៨លាននាក់បច្ចុប្បន្នកំពុងរស់នៅក្នុងភាពក្រីក្រខ្លាំង។ រដ្ឋាភិបាលមានគោលបំណងកាត់បន្ថយចំនួននេះឱ្យដល់សូន្យនៅត្រឹមឆ្នាំ២០២៦។ កម្មវិធីទាំងនេះនឹងប្រើប្រាស់ទិន្នន័យជាតិសេដ្ឋកិច្ចសង្គមតែមួយ (DTSEN) ដើម្បីធានាថា ជំនួយបានទៅដល់អ្នកទទួលផលគោលដៅពិតប្រាកដ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





