កប៉ាល់ដឹកជនទេសន្តរប្រវេសន៍ខុសច្បាប់លិចនៅព្រំដែនម៉ាឡេស៊ី-ថៃ
AKP ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ទូកមួយគ្រឿងដែលគេជឿថាបានដឹកជនទេសន្តរប្រវេសន៍គ្មានឯកសារប្រមាណជិត ១០០នាក់មកពីសញ្ជាតិផ្សេងៗគ្នាបានក្រឡាប់លិចនៅជិតព្រំដែនសមុទ្រម៉ាឡេស៊ី-ថៃ ដោយមានអ្នករស់រានមានជីវិតចំនួន ០៦នាក់ត្រូវបានរកឃើញនៅក្នុងដែនទឹកឡាំងកាវី។
ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama កាលពីថ្ងៃទី០៩ ខែវិច្ឆិកា លោក អាដលី អាប៊ូ ស្សា (Adzli Abu Shah) អធិការប៉ូលិសរដ្ឋកេដាហ៍ បាននិយាយថា ការស៊ើបអង្កេតបឋមបានរកឃើញថា ប្រហែលមួយខែមុន អ្នករស់រានមានជីវិតបានឡើងលើកប៉ាល់ធំមួយគ្រឿងដែលដឹកមនុស្ស ៣០០នាក់ដើម្បីចូលទៅក្នុងប្រទេសម៉ាឡេស៊ី។ នៅពេលដែលពួកគេខិតជិតដល់ព្រំដែន ពួកគេត្រូវបានណែនាំឱ្យផ្លាស់ទៅលើទូកតូចៗចំនួនបី ដែលទូកនីមួយៗដឹកមនុស្សប្រហែល ១០០នាក់ ដើម្បីជៀសវាងការរកឃើញដោយអាជ្ញាធរ។
ទោះជាយ៉ាងណាក៏ដោយ កាលពីបីថ្ងៃមុន ទូកដែលពួកគេជិះបានក្រឡាប់លិច ហើយឧប្បត្តិហេតុនេះត្រូវបានគេជឿថាបានកើតឡើងនៅក្នុងដែនទឹកថៃមុនពេលពួកគេរសាត់ចូលទៅក្នុងដែនទឹកម៉ាឡេស៊ី។ ស្ថានភាពនៃទូកពីរគ្រឿងផ្សេងទៀតនៅមិនទាន់ដឹងនៅឡើយទេ។
លោកបាននិយាយថា ទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី និងប៉ូលិសសមុទ្រត្រូវបានស្នើសុំឱ្យបើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះផ្សេងទៀត និងទូកដែលកំពុងបាត់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





