រដ្ឋមន្ត្រីការបរទេសចិន និងចក្រភពអង់គ្លេស ពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី អ៊ីវេត គូពឺ (Yvette Cooper) ស្តីពីទំនាក់ទំនងទ្វេភាគី។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ក្នុងចំណោមស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន-អង់គ្លេស នឹងរីកចម្រើនទៅមុខ។
លោក វ៉ាង បាននិយាយថា ភាគីទាំងពីរគួរតែបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគីដែលមានសុខភាពល្អ មានផលប្រយោជន៍ទៅវិញទៅមក និងមានស្ថិរភាព។
ដោយកត់សម្គាល់ថា ក្នុងនាមជាប្រទេសធំៗ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិន និងចក្រភពអង់គ្លេសទទួលខុសត្រូវអន្តរជាតិដ៏សំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក លោក វ៉ាង បាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រក្សាជំហរលេចធ្លោរបស់អង្គការសហប្រជាជាតិនៅក្នុងប្រព័ន្ធអន្តរជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ តស៊ូមតិដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិភាព គាំទ្រពាណិជ្ជកម្មសេរីសកល និងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់សកល។
លោក វ៉ាង បានមានប្រសាសន៍ថា ប្រទេសចិន និងចក្រភពអង់គ្លេសមានជំហរស្របគ្នាលើបញ្ហាសំខាន់ៗដែលបានរៀបរាប់ខាងលើ ដែលជាអត្ថន័យសំខាន់មួយនៃការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដោយលោកបានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយចក្រភពអង់គ្លេស ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
លោកស្រី គូពឺ បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស និងប្រទេសចិនចែករំលែកផលប្រយោជន៍រួមជាច្រើន។ លោកស្រីបានមានប្រសាសន៍ថា ភាគីចក្រភពអង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយទន្ទឹងរង់ចាំពង្រឹងការផ្លាស់ប្តូរកម្រិតកំពូលជាមួយប្រទេសចិន ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សន្តិសុខ ការអភិវឌ្ឍនិងបរិស្ថាន។
លោកស្រី គូពឺ បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសធំៗដែលគាំទ្រពហុភាគីនិយម ចាំបាច់ត្រូវរក្សាការទំនាក់ទំនងជាយុទ្ធសាស្ត្រជាប្រចាំ រួមគ្នាដោះស្រាយបញ្ហាប្រឈមសកលដូចជាការប្រែប្រួលអាកាសធាតុ រក្សាគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការពារពាណិជ្ជកម្មសេរីសកល និងថែរក្សាប្រព័ន្ធពហុភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





