អង់ហ្គោឡា និងអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអាកាសចរណ៍ និងកសិ-ឧស្សាហកម្ម
AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីអង់ហ្គោឡាលោក ចូអៅ ឡរ៉េនកូ (Joao Lourenco) បានជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ច កាលពីថ្ងៃពុធ ដោយភាគីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ជាតិអង់ហ្គោឡា TAAG ឡើងវិញ និងការអភិវឌ្ឍគម្រោងកសិ-ឧស្សាហកម្មថ្មីមួយ។
យោងតាមមជ្ឈមណ្ឌលសារព័ត៌មានប្រធានាធិបតីអង់ហ្គោឡា បានឱ្យដឹងថាប្រធានាធិបតីទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាផងដែរដែលរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់ហ្គោឡា លោក រីកាដូ ដេ អាប់រូ (Ricardo de Abreu) និងតំណាងក្រុមហ៊ុន Lufthansa បានធ្វើពិធីចុះហត្ថលេខាជាផ្លូវការលើការអនុវត្តកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសទ្វេភាគី និងបានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ក្រុមហ៊ុន Lufthansa Consulting ដើម្បីជួយក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន TAAG ឡើងវិញ។
លោក អាប់រូ បាននិយាយថា ភាពជាដៃគូនេះនឹងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសាជីវកម្ម ប្រតិបត្តិការ ការថែទាំ វិស្វកម្ម និងការធ្វើផែនការដើម្បីជំរុញការប្រកួតប្រជែងរបស់ក្រុមហ៊ុន TAAG។
រដ្ឋាភិបាលអង់ហ្គោឡាក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ចំនួន ២ ដើម្បីបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិ-ឧស្សាហកម្មនៅក្នុងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





