បទយកការណ៍៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កប់នូវខ្លឹមសារនៃការដឹងចំពោះគុណបុព្វបុរសខ្មែរ
AKP ភ្នំពេញ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ --ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីដ៏អធិកអធមមួយដែលរាជរដ្ឋាភិបាលកម្ពុជាតែងប្រារព្ធធ្វើរៀងជាដរាបតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន ដើម្បីជាការម្លឹកដល់គុណបុព្វបុរស ជាពិសេសវីរកងទ័ពជើងទឹក ជើងគោក និងសព្វថ្ងៃមានទាំងជើងអាកាសថែមទៀតដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ការពារទឹកដី និងរម្លឹកដល់គុណព្រះគង្គា តាមជំនឿបែបប្រពៃណីរបស់ជនជាតិខ្មែរផង និងគោរពប្រតិបត្តិតាមបែបព្រះពុទ្ធសាសនាផង។

នៅលើផ្ទៃទន្លេសាបចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់មុខព្រះបរមរាជវាំងជាទីតាំងប្រណាំងទូកអុំ ទូកចែវ ជារៀងរាល់ឆ្នាំរយៈពេលបីថ្ងៃនាខែកត្តិក។ ឆ្នាំនេះ ត្រូវបានអាក់ខានពុំបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនោះទេ ដោយសារស្រុកទេសទើបនឹងបញ្ចប់ការប៉ះទង្គិចគ្នាដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ប្រមុខរាជរដ្ឋាភិបាលមានកិច្ចការមមាញឹកគិតគូរដល់ការការដោះស្រាយបញ្ហាចំពោះមុខជាច្រើន។ ថ្វីត្បិតឆ្នាំនេះមិនដូចឆ្នាំមុន នៅរាជធានីភ្នំពេញមិនមានព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ប៉ុន្តែរាជរដ្ឋាភិបាលបានបើកឱកាសឱ្យខេត្ត ក្រុងនានាទូទាំងប្រទេសដែលមាន បឹង ស្ទឹង ទន្លេ អាចរៀបចំពិធីបុណ្យអុំទូកបានទៅតាមលទ្ធភាព។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មានប្រជាប្រិយជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ មិនត្រឹមតែជាពេលវេលារាស្ត្រ មន្ត្រីរាជការបានឈប់សម្រាកកម្សាន្តសប្បាយជិតឆ្ងាយប៉ុណ្ណោះទេ ព្រះរាជពិធីបុណ្យបានរម្លឹកដល់ខ្មែរគ្រប់រូបឱ្យចងចាំនូវគុណបំណាច់ដ៏ធំធេងរបស់បុព្វបុរសរបស់យើងដែលបានពលីកម្មគ្រប់បែបយ៉ាង និងជាឱកាសដ៏ល្អក្រៃឱ្យយើងរម្លឹកនឹកគុណដល់ព្រះសាសនា និងធម្មជាតិថែមទៀត។

ឯកឧត្ដម ប៊ុន វាស្នារ ទីប្រឹក្សាអមគណៈកម្មាធិជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានពន្យល់ថា ព្រះរាជពិធីបុណ្យអុំទូក មានរឿងរ៉ាវពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រនៃព្រះរាជារបស់យើងនាសម័យមុន។ ចំណែកឯ បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ទាក់ទងជាមួយនឹងរឿងព្រះពុទ្ធសាសនាផង រឿងប្រពៃណីខ្មែរយើងផង។
ក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា AM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz ពិភាក្សាលើប្រធានបទស្ដីពី៖ «ស្វែងយល់ពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក»កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ប៊ុន វាស្នារ បានបកស្រាយថា ព្រះរាជពិធីបុណ្យអុំទូក មានជាប់ទាក់ទងជាមួយប្រវត្តិសាស្ត្រខ្មែរយើងតាំងពីសម័យព្រះរាជាព្រះបាទជ័យវរ្ម័នទី៧ ដែលឃើញមានឯកសារសរសេរនៅក្នុងសៀវភៅរបស់ព្រះបាទជ័យវរ្ម័នទី៧ អំពីការធ្វើសឹកសង្រ្គាមរបស់ព្រះរាជាព្រះបាទជ័យវរ្ម័នទី៧ដែលព្រះអង្គទៅច្បាំងជាមួយនឹងសត្រូវបច្ចាមិត្តនៅក្នុងគ្រិស្តសករាជ ១១៧៧ ដល់ ១១៨១ ពោលគឺរយៈ៤ទៅ៥ឆ្នាំ។

ឯកឧត្ដម ទីប្រឹក្សាអមគណៈកម្មាធិជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានបញ្ជាក់ថា៖ «នៅក្នុងគ្រិស្តសករាជ១១៧៧ ដល់ ១១៨១ បើយើងនិយាយទៅមានរយៈពេល៤ទៅ៥ឆ្នាំទៅច្បាំងឈ្នះ ហើយនិយាយថា ទៅច្បាំងឈ្នះទៅតាមអី? ព្រះរាជាទៅដោយទ័ពទូកហ្នឹង បើយើងនិយាយសម័យបច្ចុប្បន្នថា ទ័ពជើងទឹក ពីព្រោះអី ពីព្រោះកាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ព្រះរាជាណាចក្រកម្ពុជាយើងក្ដី ឬនៅក្នុងប្រទេសដទៃៗក្ដី គឺថាវិសាលភាពដោយទឹក មានន័យថា ធំដោយទឹក ក្នុងរដូវវស្សា ឬចុងនៃរដូវវស្សាពោរពេញដោយទឹក ដូចជាសម័យព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គលោកទ្រង់យាងទៅធ្វើសឹកសង្រ្គាមជាមួយសត្រូវអីគឺថា ទ័ពទូកហ្នឹងហើយ។ យើងទៅមើលនៅក្នុងជញ្ជាំងអង្គរប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ ឃើញមានរូបឆ្លាក់នៅក្នុងហ្នឹងមានទូក ហើយមានចម្លាក់ជារូបមនុស្ស កងទ័ព ហើយមានព្រះរាជាមួយអង្គស្វាហាប់ជាងគេនោះគឺព្រះបាទជ័យវរ្ម័នទី៧។ ដោយសារព្រះអង្គលោកទៅធ្វើសឹកសង្រ្គាមឈ្នះបច្ចាមិត្ត។ ហេតុដូច្នេះហើយបានជាក្រោយមក យើងមានប្រវត្តិសាស្ត្រយ៉ាងហ្នឹង យើងឈ្នះសត្រូវឈ្នះអីយ៉ាងហ្នឹង យើងលើកកម្ពស់ទ័ពជើងទឹកហ្នឹងបានជាយើងមានព្រះរាជពិធីបុណ្យអុំទូកដើម្បីរម្លឹកដល់ជ័យជម្នះរបស់ព្រះរាជាយើងសម័យមុនហ្នឹង។ បើគិតមកដល់ឥឡូវមានរយៈពេល៧០០ ទៅ៨០០ឆ្នាំជាងហើយ។ អីចឹងរយៈកាលប៉ុណ្ណឹង ទោះបីយើងមិនបានធ្វើជារៀងរាល់ឆ្នាំ ឬក៏ប្រទេសជាតិយើងជួបវិបត្តិអីយ៉ាងណា សឹកសង្រ្គាមអីយ៉ាងណាៗ ពេលប្រទេសមានសន្តិភាពដូចបច្ចុបុ្បន្នហ្នឹង គិតថា ក្រោយឆ្នាំ១៩៧៩ មកដល់ឆ្នាំឆ្នាំ១៩៩៣-៩៤ ចាប់ផ្ដើមមានព្រះរាជពិធីបុណ្យអុំទូកឡើងវិញ។»

យោងតាមសៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ និងការបកស្រាយក្នុងឯកសារប្រវត្តិសាស្ត្រនានាមានជាអាទិ៍៖តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។
ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកទេស ដោយបែងចែកទាហានជើងទឹកជា៣ក្រុម៖ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។

របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះ មាន ទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។
ផ្អែកតាមឯកសារខាងលើនេះ យើងសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី ជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះ រៀងរហូតមក គឺជាប់តំណ មកពីសមយុទ្ធ ក្នុងសម័យបុរាណនេះឯង។

និយាយដល់ការបណ្ដែតប្រទីប ឯកឧត្ដម ប៊ុន វាស្នារ ទីប្រឹក្សាអមគណៈកម្មាធិជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានឱ្យដឹងបន្ថែមថា ក្នុងគម្ពីរព្រះពុទ្ធសាសនានិយាយពីចង្កូមកែវ ដែលប្រដិស្ថាននៅភិភពនាគ ហើយព្រះបាទជាន់ទុកស្ទឹងនម្មទា ហើយពិភពនាគជាប់ទាក់ទងជាមួយទឹកស្ទឹងនម្មទាក៏ជាប់ទាក់ទងជាមួយទឹកដែលមនុស្សម្នាគោរព។ ដូច្នេះ កាលណាបណ្ដែតប្រទីបបានន័យថា៖ «យើងអធិដ្ឋានឧទ្ទិសចំពោះព្រះចង្កូមកែវដែលនៅពិភពនាគ ហើយនិងព្រះបាទជាន់ទុកនៅស្ទឹងនម្មទា ដើម្បីឱ្យបានជាបុណ្យជាកុសល សេក្ដីសុខសេចក្ដីចម្រើន ដល់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា អាណាប្រជារាស្ត្រខ្មែរទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត ពាក់ព័ន្ធវប្បធម៌ប្រពៃណីរបស់យើង បណ្ដែតប្រទីបមានគោលបំណងអរគុណ ចំពោះព្រះគង្គា ព្រះគង្កានៅរដូវវស្សាទឹកបាននាំដីល្បាប់សម្រាប់បង្កបង្កើនផលកសិកម្ម ធ្វើស្រូវធ្វើស្រែចម្ការ ចឹងយើងបណ្ដែតប្រទីបមានន័យថា យើងអរគុណព្រះគង្គាដែលបាននាំមកនូវដីល្បាប់ហើយទុកឱ្យយើងបង្កបង្កើនផល ស្រូវប្រដេញទឹក ស្រូវប្រាំងស្រូវវស្សា បានល្អ នៅពេលហ្នឹងហើយដែលធ្វើពិធីបណ្ដែតប្រទីបហ្នឹង អរគុណព្រះគង្គា»។

សំពះព្រះខែ ជាប់ទាក់ទងជាមួយទន្សាយពោធិសត្វ កាលដើមភទ្ទកល្បមាន សត្វទន្សាយមួយគឺតួអង្គ ពោធិសត្វព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈ(សាច់)ជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារឱ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ ក្រឡាខ្លួន ជាព្រាហ្មណ៍ចាស់មកសុំ សសបណ្ឌិតជាអាហារ សសបណ្ឌិតពោធិសត្វ បានឱ្យព្រានចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឱ្យសត្វល្អិត ដែលជាប់នៅនិងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។ អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៏បានស្ទុះ ទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឱ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។ ដោយអនុភាព ទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋាន របស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដ ក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។

ចំណែកឯ អកអំបុក ឱ្យតែដល់ខែអស្សុជ-កត្ដិក ប្រជាពលរដ្ឋប្រមូលបានផលថ្មីថ្មោង គឺហៅថា អគ្គផល មានន័យថា ផលមុនគេ ផលថ្មី ផលថ្មោង មានអំបុក មានផ្លែឈើ ផ្លែចេក ផ្សេងៗ ដែលប្រមូលដើមគេ ឬមុនគេ នាំគ្នាយកមកចែកគ្នាមើលចែកគ្នាទទួលទានមិនត្រឹមតែទទួលទានទេ ខ្មែរយើងអ្នកកាន់ព្រះពុទ្ធសាសនា នាំយករបស់ដែលថ្មីថ្មោងមានអំបុក មានចេក មានដូងជាដើមនោះ យកទៅប្រគេនដល់ព្រះសង្ឃ ដើម្បីជាបុណ្យ ជាកុសលឧទ្ទិសដល់បុព្វការីជន របស់យើងដែលលោកបានបន្សល់នូវដីស្រែទុកឱ្យយើងធ្វើកសិកម្មដាំដុះមកដល់បច្ចុប្បន្ន។
សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រារព្ធចំថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ដោយ៖ គង់ សិរីរ័ត្ន និង រិទ្ធី





