សួនតែ និងមជ្ឈមណ្ឌលមើលតារាសាស្រ្តជីនជីងសានក្នុងស្រុកឆាងសាជាតំបន់ផលិតស្នូលនៃឧស្សាហកម្មតែចិន និងជាសួនតែគំរូ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សួនតែជីនជីង សានកេស៊ូ គឺជាតំបន់ផលិតស្នូលនៃឧស្សាហកម្មតែជីនជីង។ វាអនុវត្តការដាំដុះសរីរាង្គពេញមួយដំណើរការទាំងមូល ហើយត្រូវបានបញ្ជាក់ថាជាសួនតែគំរូដោយក្រសួងកសិកម្មចិន។ សួនតែនេះមានពូជតែជាង ២០ប្រភេទដែលទទួលស្គាល់ទូទាំងប្រទេសចិន រួមជាមួយនឹងដើមតែបុរាណជាង ១០០ដើមដែលមានអាយុប្រហែល ៤០០ឆ្នាំ ដែលបង្កើតបានជាតំបន់ទេសភាពអេកូឡូស៊ីដ៏ស្រស់ស្អាត។
ស្ថិតនៅក្នុងសួនតែនោះដែរ ក៏មានមណ្ឌលសង្កេតមើលផ្កាយជីនជីងដែលមានទំហំប្រហែល ២.០០០ម៉ែត្រក្រឡា ដែលធ្វើឱ្យវាក្លាយជាកន្លែងសង្កេតមើលតារាសាស្ត្រអាជីពដ៏ធំបំផុតនៅក្នុងតំបន់ជុំវិញនៃទីក្រុងឆាងសា។សាលតាំងពិព័រណ៍របស់មណ្ឌលសង្កេតមើលផ្កាយនេះបង្ហាញនូវគំរូអាចម៍ផ្កាយដ៏មានតម្លៃ។ ប៉មរបស់វាមានដំបូលដែលមានអង្កត់ផ្ចិត ៨,៤ម៉ែត្រដែលមានតេឡេស្កុបអុបទិកទំហំ ៦១សង់ទីម៉ែត្រ ដែលជាតេឡេស្កុបតារាសាស្ត្រធំជាងគេបំផុតដែលអាចចូលប្រើប្រាស់ជាសាធារណៈបាននៅក្នុងខេត្តភាគកណ្តាល និងភាគខាងត្បូងចំនួនប្រាំរបស់ប្រទេសចិន។
នៅទីនោះ អ្នកទស្សនាអាចស្វែងយល់ពីការតាំងពិព័រណ៍ទាក់ទងនឹងតារាសាស្ត្រ ដោយប្រើបច្ចេកវិទ្យា VR ដែលអ្នកអាចជួបប្រទះនូវអារម្មណ៍នៃការចុះចតនៅលើឋានព្រះច័ន្ទក្នុងនាមជាអវកាសយានិក។ ប្រសិនបើវាជាថ្ងៃដែលមានអាកាសធាតុល្អ អ្នកក៏អាចប្រើតេឡេស្កុបអាជីពដើម្បីសង្កេតមើលចំណុចព្រះអាទិត្យបានផងដែរ៕
ដោយ៖ យា ចិន្តាខន្តី





