សាលា Yuelu បម្រើជាសាលាប្រវត្តិសាស្រ្ត និងទស្សនវិជ្ជានៅសាកលវិទ្យាល័យជាតិហ៊ូណាន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សាលា Yuelu ដែលជាសាលាមួយក្នុងចំណោមសាលាធំៗទាំងបួននៃប្រទេសចិនបុរាណ ដែលត្រូវបានបង្កើតឡើងក្នុងរាជវង្សសុងខាងជើង។ សាលានេះបានរីកចម្រើនជាបន្តបន្ទាប់តាមរយៈរាជវង្សយាន រាជវង្សមីង និងរាជវង្សឈីង។ នៅក្នុងឆ្នាំ១៩០៣ វាត្រូវបានផ្លាស់ប្តូរទៅជាសាលាឧត្តមសិក្សាហ៊ូណាន។ នៅក្នុងឆ្នាំ១៩២៦ វាបានក្លាយជាសាកលវិទ្យាល័យហ៊ូណាន ហើយនៅក្នុងឆ្នាំ១៩៣៧ វាត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យជាតិហ៊ូណាន។ សព្វថ្ងៃនេះ សាលា Yueluបម្រើជាសាលាប្រវត្តិសាស្ត្រ និងទស្សនវិជ្ជានៅសាកលវិទ្យាល័យហ៊ូណានជាកន្លែងដែលផ្តល់នូវការអប់រំប្រពៃណី អាហារូបករណ៍ និងការស្រាវជ្រាវដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
ការវិវត្តន៍ប្រវត្តិសាស្ត្រពីសាលា Yuelu ទៅជាសាកលវិទ្យាល័យជាតិហ៊ូណាន បានសង្ខេបយ៉ាងច្បាស់អំពីការផ្លាស់ប្តូរនៃការអប់រំឧត្តមសិក្សារបស់ប្រទេសចិនពីប្រពៃណីទៅសម័យទំនើប។ ចាប់ពីសិស្សដែលមានចំនួនត្រឹមបីរយនាក់របស់ជំនាន់ដាវលីន និងនិស្សិតមួយពាន់នាក់នៅក្នុងរាជវង្សសុង រហូតដល់មានទាំងឧត្តមសេនីយ៍ និងរដ្ឋមន្ត្រីចំនួនដប់ប្រាំបួននាក់របស់រាជវង្សឈីង ដែលស្មារតីសិក្សានៃការអនុវត្តជាក់ស្តែង ការស្វែងរកការពិតភាពបើកចំហ និងការរួមបញ្ចូលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ហើយប្រែក្លាយពីសាលា Yuelu ទៅជាសាកលវិទ្យាល័យជាតិហ៊ូណាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលា Yuelu បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវក្នុងស្រុក និងអន្តរជាតិជាង២០ ដែលរួមមានសាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Cornell សាកលវិទ្យាល័យ Hamburg សាកលវិទ្យាល័យ Heidelberg សាកលវិទ្យាល័យ London និង École Pratiquedes Hautes Études នៅទីក្រុងប៉ារីស។ សាលានេះក៏បានរៀបចំព្រឹត្តិការណ៍សាធារណៈជាង៥០០ ដែលលើកកម្ពស់វប្បធម៌ប្រពៃណីដ៏លេចធ្លោរបស់ប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជា «ពិធីបុណ្យបុរាណចិនសកល» និង «វេទិកាសាលា Yuelu» ជាដើម៕
ដោយ៖ យា ចិន្តាខន្តី





