ព្រះខ័នរាជស្វាយ ប៉ះ ភ្នំពេញក្រោន វគ្គ៨ក្រុមចុងក្រោយ AFC Challenge League
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយត្រូវប្រកួតប្រជែងជាមួយក្រុមភ្នំពេញក្រោន នៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ក្លឹបលំដាបទី៣ប្រចាំទ្វីបអាស៊ី (AFC Challenge League 2025-2026) បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពីរពូលផ្សេងគ្នា កាលពីចុងសប្តាហ៍នេះ។


១ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ក្នុងពូល D បានរក្សាលទ្ធផលស្មើគ្នាជាមួយក្រុម Manila Digger FC របស់ប្រទេសហ្វីលីពីន ២-២។ ដោយឡែកក្រុមភ្នំពេញក្រោនរបស់កម្ពុជាដែរនោះបានបញ្ចប់ការប្រកួតសន្សំពិន្ទុ ក្នុងពូល E ដែលក្រុម Dewa United Banten របស់ប្រទេសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ។ ៣ប្រកួតរបស់ភ្នំពេញក្រោន ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ឈរនៅលេខ២ ក្នុងពូល E ខណៈក្រុម Dewa United Banten របស់ប្រទេសឥណ្ឌូណេស៊ី ឈរលេខ១ ពូលE។
ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ត្រូវប៉ះគ្នា៨ក្រុមចុងក្រោយ ដែលដោយការប្រកួតជម្រុះនេះត្រូវជួបគ្នាចំនួន២ជើង ដោយជើងទី១គ្រោងធ្វើឡើង នាថ្ងៃទី០៤-០៥ ខែមីនា ឆ្នាំ២០២៦ ហើយជើងទី២គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦។


គួរបញ្ជាក់ថា ៤ប្រកួតនៃវគ្គ៨ក្រុមចុងក្រោយ រួមមាន៖ Al-Ansar ប៉ះ Muras United, Al-Shabab ប៉ះ Al-Kuwait, ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង ខណៈ Manila Digger ត្រូប៉ះជាមួយ Dewa united Banten ដោយ៤ប្រកួតនេះត្រូវប៉ះគ្នាចំនួន២ជើងផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ដែលជើងទី១ នាថ្ងៃទី០៤-០៥ ខែមីនា ឆ្នាំ២០២៦ ហើយជើងទី២គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមឈ្នះៗឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន)





