កម្ពុជាទទួលបានការវាយតម្លៃខ្ពស់ចំពោះការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥--ការប្រកួតកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ (SEA Youth Cup) នៅរាជធានីភ្នំពេញបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរការប្រកួតរយៈពេល៣ថ្ងៃ នៅទីលានស្តង់ដាអន្តរជាតិ ក្លឹបកីឡាជិះសេះ ជីននីស រីសត (Genius resort) ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពចម្រើននៃវិស័យកីឡាជិះសេះកម្ពុជា ដែលបានសហការរៀបចំទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយជោគជ័យ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីការរួមចំណែករបស់ក្រសួង មិនអាចឆ្លើយតបនឹងការចំណាយដ៏ច្រើន តែសហព័ន្ធបានរីកធំធាត់ រហូតមានសមត្ថភាពអាចរៀបចំការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍។ ចំពោះលទ្ធផលបច្ចេកទេស ទោះកីឡាករ-កីឡាការិនីកម្ពុជា ពុំទទួលបានមេដាយ តែពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសង្ឃឹមថា ពួកគេនឹងអាចទទួលបានលទ្ធផលល្អនាថ្ងៃអនាគតផងដែរ។

ជាមួយគ្នានេះ លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានលើកឡើងថា ការប្រកួតនេះ ក្រៅពីម្ចាស់ផ្ទះកម្ពុជា មានអត្តពលិក ៧ប្រទេសចូលរួម គឺមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ចិន និងហុងកុង ហើយក៏មានប្រទេសមួយចំនួនទៀតបានខកខានចូលរួម ដោយសារការត្រៀមខ្លួនបានទាន់ពេលពេលវេលា។ យ៉ាងណាមិញ ក្នុងនាមសហព័ន្ធ លោកស្រីបានសម្ដែងនូវមោទនភាព ដែលការប្រកួតនេះ ទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូឧបត្ថម្ភគាំទ្រ ព្រមទាំងប្រតិភូនៃបណ្តាប្រទេសនានា និងសហព័ន្ធអន្ដរជាតិ ដែលជំរុញឱ្យដំណើរការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

អគ្គលេខាធិការ លោកស្រី ស៊ាង ស្រីពី បន្ដថា «ទម្រាំយើងទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ សហព័ន្ធកីឡាជិះសេះអន្ដរជាតិ បានចុះមកពិនិត្យ និងវាយតម្លៃច្រើនដង ទាំងសត្វសេះ និងទីលានប្រកួត រួមទាំងស្ដង់ដារផ្សេងៗ។ ដូច្នេះកាលណាយើងអាចទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះលើកទី១ ហើយៗសម្រាប់កម្មវិធីបន្ដបន្ទាប់ទៀត គឺងាយស្រួលតែម្ដង ព្រោះគេជឿជាក់លើសមត្ថភាពសហព័ន្ធ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានជួយគាំទ្រវិស័យកីឡាមួយនេះ។


គួរបញ្ជាក់ថា ការប្រកួតកីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ លើកទី៣ រយៈពេល ៣ថ្ងៃ នៅទីលានក្លិបជិះសេះ Genius resort ដោយមានកីឡាករ កីឡាការិនីមកពីប្រទេសសរុបចំនួន៨ ខណៈការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងកម្រិតអន្តរជាតិមួយនេះ កម្ពុជាទទួលបានការកោតសរសើរ និងគាំទ្រពីប្រតិភូប្រទេសនានា និងសហព័ន្ធកីឡាជិះសេះអន្តរជាតិផងដែរ៕
ដោយ ហេង ណាលីន





